ភ្នំពេញ៖ លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក ទុយ វិច្ឆិកាប្រធានការិយាល័យកីឡាជំនាញនិងកីឡាមហាជន តំណាងលោកប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា និងលោក CHOI YONGSOK តំណាងស្ថាប័ន KUKKIWON និងជាគ្រូឧទ្ទេសបានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។

លោក ជាតិ ខេមរា អនុប្រធានគ្រប់គ្រងវគ្គបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋានប្រចាំឆ្នាំ២០២៥ព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាន់ទី៣។ មានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT រាជធានីភ្នំពេញ និងខេត្តកណ្តាល សរុបចំនួន ៣២នាក់ (ស្រី ១១នាក់) ក្នុងនោះមកពី រាជធានីភ្នំពេញ ៣០នាក់ (ស្រី ១០នាក់) និងខេត្តកណ្តាល ០២នាក់ (ស្រី ០១នាក់)។

ជាលទ្ធផលបញ្ចប់វគ្គរួមមាន ល្អ ចំនួន៦នាក់ (ស្រី២នាក់) ស្មើនឹង ១៩ ភាគរយ ល្អបង្គួរចំនួន ១២នាក់ (ស្រី៤នាក់) ស្មើនឹង ៣៧.៥ ភាគរយ និងមធ្យមចំនួន១៤នាក់ (ស្រី៥នាក់) ស្មើនឹង ៤៣.៥ ភាគរយ។ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ អាចដំណើរការទៅបាន ដោយសារមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២៥ បានទាន់ពេលវេលា ដោយផ្តល់ឱកាសដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹង និងទទួលបាននូវបទពិសោធន៍ថ្មីៗ ក្នុងការ ត្រៀមខ្លួនបង្ហាត់នៅតាមបណ្តាលក្លិបនានា។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ប្រចាំឆ្នាំ២០២៥ ដោយរក្សាបាននូវសុវត្ថិភាព-សុខភាព ដល់សិក្ខាកាមទាំងអស់ សូមថ្លែងអំណរគុណដល់ លោកគ្រូ CHOI YONGSOK និងលោកគ្រូ CHEON SAMYEONG ជាគ្រូឧទ្ទេស ជំនួយការ និងអ្នកសម្របសម្រួល សម្រាប់ការបណ្តុះបណ្តាលវគ្គរយៈពេល ៥ថ្ងៃនេះ បានធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅបានរលូន។

សូមអគុណផងដែរ ដល់ប្អូនៗជាសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង រួមទាំងបទពិសោធន៍ថ្មីៗ ពីគ្រូឧទ្ទេស នាពេលនេះ។ តាមរបាយការណ៍លទ្ធផល ឃើញថា សិក្ខាកាមភាគច្រើន ការបង្ហាត់នៅមានកម្រិត ដូច្នេះ សូមលោកគ្រូអ្នកគ្រូ ព្យាយាមអនុវត្តខ្លួនឯង ឱ្យបានខ្ជាប់ខ្ជួន ព្រោះពាក្យថា«គ្រូ» គឺជាគំរូ និង ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបង្ហាត់សិស្ស។

អគ្គលេខាធិការរង បានបន្តថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់នូវថវិកាគាំទ្រ ក្នុងការជួយពន្លឿនសកម្មភាពរបស់ខេមរសហព័ន្ធតេក្វាន់ដូ។ សូមកោតសរសើរ និងអរគុណដល់ការខិតខំបឹ្រងប្រែង របស់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ ក្នុងការ បណ្តុះបណ្តាលធនធានកីឡាតេក្វាន់ដូ WT សម្រាប់បន្តវេនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូ WT កម្ពុជា ឱ្យបានទូលំទូលាយ ទៅដល់សាធារណជនទូទៅ គ្រប់ស្រទាប់វណ្ណៈ និងទូទាំងរាជធានី-ខេត្ត តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ឧបនាយក រដ្ឋមន្ត្រី ប្រធានខេមរសហព័ន្ធតេក្វាន់ដូ នាពេលអនាគត។

ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ នាពេលនេះគោលដៅគឺចង់ឲ្យលោកគ្រូអ្នកគ្រូជាសិក្ខាកាមទាំងអស់យកទៅបង្ហាត់ និងអនុវត្តបន្ថែម នៅតាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀមចូលរួមកម្មវិធីប្រកួតតេក្វាន់ដូ WT នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ៕


ដោយ៖ លី ភីលីព
