ភ្នំពេញ៖ គិតត្រឹមល្ងាចនាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នេះ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿងក្នុងមព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯកឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ការប្រើប្រាស់ កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាបានទម្លាក់ ជូនសហព័ន្ធ ក្នុងគោលបំណងពន្លឿន ពង្រឹងការអភិវឌ្ឍធនធានសមត្ថភាព បច្ចេកទេស ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២ ដល់៥ ខែតុលា ឆ្នាំ២០២៥ នៅភ្នំពេញ។

សម្រាប់ការប្រកួតបើកឆាតដំបូងនៃការប្រកួតជើងឯកឆ្នាំ២០២៥ ក្រុមកីឡាក្រសួងការពារជាតិបន្តបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ១ គ្រឿងបន្ថែមទៀត ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាខេត្តកំពត់ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ក្រុមកីឡាខេត្តពោធិ៍សាត់ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ក្រុមកីឡាខេត្តកំពង់ធំដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ក្រុមកីឡាខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងដូចគ្នា។

កីឡាករ-កីឡាការិនី ចូលរួមប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ រួមមានកីឡាកម្រិតខ្ពស់ ត្រូវមានអាយុចាប់ពីអាយុ២០ឆ្នាំ ដល់៣៥ឆ្នាំ (អ្នកដែលមានឆ្នាំកំណើតចាប់ពី ១៩៩០ ដល់ ២០០៥)។ កីឡាយុវជនអាយុក្រោម២០ឆ្នាំ ត្រូវមានអាយុចាប់ពីអាយុ១៦ឆ្នាំ ដល់១៩ឆ្នាំ (អ្នកដែលមានឆ្នាំ កំណើតចាប់ពី២០០៦ ដល់ ២០០៩)។

-កីឡាករ កីឡាការិនី យុវជនក្រោមអាយុ២០ឆ្នាំ អាចចុះឈ្មោះចូលរួមប្រកួតក្នុងវិញ្ញាសាលោតកម្ពស់ លោតចម្ងាយ និងចោលស្ន ជាមួយកីឡាកម្រិតខ្ពស់បាន ។ កីឡាករ កីឡាការិនី ដែលមានអាយុតិចជាង ១៨ឆ្នាំ មិនអនុញ្ញាតចុះ ឈ្មោះប្រកួតក្នុងវិញ្ញាសាចោលដុំដែក ជាមួយកីឡាកម្រិតខ្ពស់បានឡើយ។

សិទ្ធិនៃការចូលរួម ៖ សមាគមន៍ ក្លឹបកីឡារាជធានីខេត្តនីមួយៗ មានសិទ្ធិបញ្ចូនកីឡាករ កីឡាការិនី កម្រិតខ្ពស់ (អាយុចាប់ពី អាយុ២០ឆ្នាំ ដល់៣៥ឆ្នាំ ) ចូលរួមសរុប ចំនួន១០នាក់ (បុរស៥នាក់ និង នារី៥នាក់) សមាគមន៍ ក្លឹបកីឡារាជធានី ខេត្តនីមួយៗ មានសិទ្ធិបញ្ជូនកីឡាករ-កីឡាការិនីយុវជនក្រោមអាយុ២០ឆ្នាំ (អាយុចាប់ពីអាយុ១៦ឆ្នាំ ដល់១៩ឆ្នាំ) ចូលរួមសរុបចំនួន៦នាក់ (បុរស៣នាក់ និង នារី៣នាក់) សហព័ន្ធទទួលរ៉ាប់រងការស្នាក់នៅ ហូបចុកកីឡាករ៣នាក់ កីឡាការិនី៣នាក់ និងគ្រូបង្វឹក២នាក់ អំឡុង ពេលប្រកួត៕


ដោយ៖ លី ភីលីព
