ថៃ៖ កីឡាការិនី បាញ់កាំភ្លើងឆ្នើមរបស់ប្រទេសថៃ Sutiya Jiewchaloemmit បានប្រកាសថា នាងនឹងធ្វើពហិកា មិនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ “SEA Games 33” នាពេលខាងមុខ ដោយចោទប្រកាន់សមាគមរបស់នាងថា មានការគ្រប់គ្រងមិនល្អ និងខ្វះតម្លាភាព យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
កីឡាការិនី Jiewchaloemmit ជាកីឡាការិនីបាញ់កាំភ្លើងថៃ ដ៏លេចធ្លោម្នាក់ក្នុងព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើង បានទទួលការសាទរជាអន្តរជាតិ ជាមួយនឹងមេដាយជាច្រើន រួមទាំងប្រាក់ក្នុងព្រឹត្តិការណ៍ World Skeet Championships 2019 មាសចំនួន ២ គ្រឿង នៅ World Cup 2016 និងមេដាយមាសនៅ Asian Games 2018។ នាងបានតំណាងឲ្យប្រទេសថៃ ក្នុងព្រឹត្តិការណ៍អូឡាំពិក ៣ ដង (២០១២, ២០១៦ និង ២០២០) និងឈ្នះមេដាយមាសចំនួន ៦ គ្រឿង ក្នុងការប្រកួតជើងឯកអាស៊ី។
ទោះបីជាទទួលបានជោគជ័យក៏ដោយ នាង Jiewchaloemmit បានសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតជ្រើសរើស SEA Games 33 រៀបចំដោយ Skeet & Trap Association of Thailand (TCS)។ នាងបានសម្តែងការខកចិត្ត របស់នាង កាលពីថ្ងៃទី ២៩ ខែកញ្ញាដោយបញ្ជាក់ថា នាងមិនអាចទទួលយកការងារ ក្រោមការគ្រប់គ្រងរបស់ TCS ជាពិសេសបន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាស របស់ប្រធានសមាគម នៅខែមិថុនាឆ្នាំ២០២៤។
នាង Jiewchaloemmit បានរិះគន់ការខ្វះតម្លាភាពក្នុងប្រតិបត្តិការរបស់ TCS ។ នាងបានចោទប្រកាន់ថា TCS បានប្រើប្រាស់ថវិកាប្រចាំឆ្នាំចំនួន ៥ លានបាត (១៥៤,៤៥០ ដុល្លារអាមេរិក) ដោយមិនត្រឹមត្រូវ ជាផ្នែកមួយនៃគម្រោង សហព័ន្ធកីឡាតែមួយ សហគ្រាសរដ្ឋមួយក្នុងគោលបំណងប្រើប្រាស់ កីឡាជាគុណតម្លៃដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ថាមពលទន់របស់ប្រទេសថៃ។
កីឡាការិនីបាញ់កាំភ្លើងឆ្នើម របស់ប្រទេសថៃ Sutiya Jiewchaloemmit បានអំពាវនាវឲ្យឧបនាយករដ្ឋមន្ត្រី វរសេនីយ៍ទោ Thammanat Prompao និងអាជ្ញាធរ កីឡានៃប្រទេសថៃ (SAT) ត្រួតពិនិត្យការប្រើប្រាស់ថវិកានេះ ដល់សហព័ន្ធកីឡាដទៃទៀត ៕
