កីឡា

លោក ប៉ុន សុខ ៖ ការរៀបចំនេះ ធ្វើឡើងក្នុងគោល បំណង ផ្ដល់ឱកាស លើកកម្ពស់ស្មារតី និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី អត្តពលកម្ម ផ្តោតលើយុវជន

ភ្នំពេញ ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា ការរៀបចំការប្រតកីឡាអត្តពលកម្ម ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ឱកាស និងលើកកម្ពស់ស្មារតី និងបច្ចេកទេស របស់កីឡាករ-កីឡាការិនី អត្តពលកម្ម ដោយផ្តោតលើយុវជនសំដៅជំរុញឲ្យសមាគមក្រសួង មន្ទីរ និងក្លឹប កីឡាអត្តពលកម្ម ដែលជាសមាជិក ទាំងអស់មានឱកាសចូលរួម ដកស្រង់បទពិសោធន៍ បំផុស ផ្សព្វផ្សាយ និង ប្រកួតបង្កើនគុណផល បច្ចេកទេស ឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈចូលរួមប្រកួតកីឡា អត្តពលកម្មថ្នាក់តំបន់ និង ពិភពលោកនាឆ្នាំបន្ទាប់ៗ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡា បានលើកឡើង ក្នុងឱកាសបិទ ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ នៅហពុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយ សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកអគ្គនាយកបានបន្តថា ការប្រកួតខាងលើកនេះ ត្រៀមចូលរួមការប្រកួតកីឡាសិស្ស និស្សិត អាស៊ាន ការប្រកួតកីឡាសាកលវិទ្យាល័យរដូវ ក្ដៅពិភពលោក ការប្រកួតជ្រើសរើសជើងឯក បើកទូលាយ និងការប្រកួតកីឡាអត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់តំបន់ និងពិភពលោកនានា ពិសេស គឺបង្កើនគុណផលបច្ចេកទេស សម្រាប់ត្រៀមចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងការប្រកួតកីឡាអាស៊ីនា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

លើសពីនេះទៀត កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាអាទិភាពមួយ មានវិញ្ញាសាច្រើន ក្នុងការផ្តល់ឱកាសឲ្យក្រុមកីឡាករ-កីឡាការិនី អាចមានជម្រើសចាប់យកវិញ្ញាសាណាមួយទៅតាម ទេពកោសល្យដែលខ្លួនមាន និងស្រឡាញ់ចូលចិត្ត ដើម្បីហាត់ហ្វឹកហ្វឺន ទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានមេដាយច្រើន បើប្រៀបធៀបទៅ នឹងប្រភេទកីឡាផ្សេងៗទៀត ។
ការរៀបចំប្រកួតលក្ខណៈជាហ្គេម ទាំងកម្រិត អាស៊ាន ទ្វីប និងពិភពលោក គឺភាគច្រើន ប្រភេទកីឡាអត្តពលកម្មត្រូវបានដាក់បញ្ចូលជាអាទិភាព និងមានអត្តពលិកច្រើនបានចុះឈ្មោះ ចូលរួមប្រកួត ធ្វើឲ្យអត្តពលិកអត្តពលកម្ម របស់យើងមាន ឱកាសបានចូលរួមគ្រប់គ្នា ក្នុងការដណ្ដើម យកបាននូវលទ្ធផលមេដាយ ពីការប្រកួតលក្ខណៈអន្តរជាតិ និងមានកិត្យានុភាពជាតិ លើឆាកអន្តរជាតិផងដែរ ។

លោកបានបន្ថែថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និង កីឡា ជាសេនាធិការ បានយកចិត្ត ទុកដាក់ខ្ពស់ក្នុងការកែទម្រង់ស៊ីជម្រៅ ការប្រកួតកីឡាគ្រប់ប្រភេទ និងក៏បានវិមជ្ឈការថវិកា គាំទ្រដល់សហព័ន្ធកីឡាជាតិ ដើម្បីរួមចំណែកក្នុងការពង្រឹង ការងាររដ្ឋបាល បណ្តុះបណ្តាលធនធាន មនុស្ស និងហេដ្ឋារចនាសម្ព័ន្ធកីឡា និងបានកែទម្រង់ការប្រកួតកីឡាថ្នាក់ជាតិ ពីកម្រិតបឋម មធ្យម ឧត្តមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ និងបានរៀបចំការប្រកួតកីឡាជាតិ (National GAMES) ការប្រកួតកីឡា សិស្សថ្នាក់ជាតិ (National School GAMES) និងការប្រកួតកីឡា សាកលវិទ្យាល័យ ថ្នាក់ជាតិ (National University GAMES) រៀងរាល់ពីរឆ្នាំម្តង ដើម្បីពង្រឹង សមត្ថភាព កីឡាករ-កីឡាការិនី ត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិនានា ក្នុងន័យលើក ស្ទួយវិស័យកីឡា រួមចំណែកក្នុងការកសាង ធនធានមនុស្ស និងសង្គមជាតិ ព្រោះថា កីឡាកសាងមនុស្ស មនុស្សកសាងជាតិ ។

ជាថ្មីម្ដងទៀត លោកសូមយកឱកាសនេះ ថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការបច្ចេកទេស របស់សហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត សមាគមក្រសួង មន្ទីរ និងក្លឹប កីឡាអត្តពលកម្ម រាជធានី ខេត្ត ដែលបានបញ្ជូនកីឡាករ-កីឡាការិនី មកចូលរួមប្រកួតព្រមទាំងសហការ ជាមួយគណៈកម្មការរៀបចំការប្រកួតបានល្អប្រសើរ ធ្វើឲ្យយើងជ្រើសរើស បានកីឡាករ កីឡាកាវិនីឆ្នើម ប្រចាំឆ្នាំ២០២៥ នេះ៕
ដោយ៖លី ភីលីព

Most Popular

To Top