ភ្នំពេញ ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ត្រៀមខ្លួនបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មចំនួន ៤ រូប ទៅចូលរួមការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) ដែលប្រព្រឹត្តទៅ នាខែវិច្ឆិកាខាងមុខនេះនៅកោះបាតាំ ប្រទេសឥណ្ឌូណេស៊ី ដោយមានរយៈមួយសប្តាហ៍ ។

លោកស្រី អេមី អគ្គលេខាធិការ នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ដោយមានការអញ្ជើញរបស់សហព័ន្ធ កីឡាកាយវប្បកម្ម និង លំហាត់ប្រាណពិភពលោក (WBPF) សហព័ន្ធកីឡា កាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា ត្រៀមនឹងបញ្ជូនប្រតិភូ ចៅក្រមអន្តរជាតិ ១រូប គ្រូបង្វឹក ១រូប និងកីឡាករ កាយវប្បកម្ម ចំនួន២រូប ទៅ ចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១៦(The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ កោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ។

លោកស្រី អេមី អគ្គលេខាធិការ បានបន្តថា ការចូលរួមប្រកួតនេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ជាអ្នកទទួល រ៉ាប់រងលើថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ និងទិដ្ឋាការ ក្នុងអំឡុងពេលប្រកួត ។ សហព័ន្ធបានធ្វើលិខិតសុំការអនុញ្ញាត ពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាមរយៈនាយកដ្ឋានកីឡាជំនាញ និង កីឡាមហាជន ។ រាល់ការចេញទៅប្រកួត ខាងក្រៅប្រទេស ក្នុងកម្រិតអន្តរជាតិនានា សហព័ន្ធតែងតែទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាជាផ្លូវការ ៕


