កីឡា

ក្រសួងមហាផ្ទៃ និង ក្រសួងការពារជាតិ ឈ្នះមេដាយមាស ២ គ្រឿងដូចគ្នា នៃការប្រកួតកីឡា សូហ្វតិន្នីស ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ គិតត្រឹមថ្ងៃនេះ

ភ្នំពេញ ៖ ក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ ក្រុមកីឡាសូហ្វតិន្នី ក្រសួង ការពារជាតិ ដណ្តើមមេដាយមាស ២ គ្រឿង ដូចគ្នាក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥ លើកទី ៩ បណ្តុះអាសន្ន គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ។

ការប្រកួតខាងលើកនេះ រៀបចំដោយសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា ប្រកាសបើក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅទីលានកីឡាសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយអនុវត្ត​ តាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមកីឡាសូហ្វតិន្នី ខេត្តកណ្តាល ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ឆ្នាំងដណ្តើមបានមេដាយសំរិទ្ធ ៣ គ្រឿង ។

ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ សហព័ន្ធបានដាក់ ១១វិញ្ញាសារួមមាន ឯកត្តជនបុរស ឯកត្តជននារីវាយគូបុរស អក្សរ ក វាយគូបុរស អក្សរ ខ វាយគូនារី វាយគូចម្រុះបុរស-នារី ឯកត្តជនយុវជន ឯកត្តជនយុវនារី ក្រុមបុរស ក្រុមនារី ក្រុមចម្រុះបុរស-នារី ។

ការប្រកួតខាងលើនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន ៩១ នាក់ក្នុងនេះកីឡាការិនី ៣១នាក់មកពី ៥ ខេត្ត រួមមានក្រុមកីឡាសូហ្វតិន្នី ក្រសួងមហាផ្ទៃ ក្រុមកីឡាសូហ្វតិន្នីក្រសួងការពារជាតិ ក្រុមកីឡាសូហ្វតិន្នី ខេត្តកណ្តាល ក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ស្ពឺ និងក្រុមកីឡាសូហ្វតិន្នី ខេត្តកំពង់ឆ្នាំង។

ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៩ ប្រចាំឆ្នាំ២០២៥ នេះធ្វើឡើងដើម្បីជ្រើសរើសកីឡាករ កីឡាការិនី ដែលមានសមត្ថភាព បច្ចេកទេសខ្ពស់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ត្រៀម ទៅចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិនានា ជាពិសេសបណ្តុះបណ្តាលធនធាន ថ្នាលបន្តវេនឲ្យបានច្រើន និងប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍន៍កីឡាសូហ្វតិន្នីស នាពេលអនាគត៕

Most Popular

To Top