កីឡា

លោក វ៉ាត់ ចំរើន ៖ វគ្គនេះរៀបចំឡើងគោលបំណង លើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡាបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា

សៀមរាប៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង កីឡា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក ឈុន ចាន់ធូ អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា និងលោក ជួន សុខវ៉ាន់ឌី ប្រធានការិយាល័យកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការបំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា នៅខេត្តសៀមរាប។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលការបំប៉នសមត្ថភាពនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡាដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងខេត្តសៀមរាប លើការបង្រៀនមុខវិជ្ជាអប់រំកាយ ស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយ នៅកម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យកាន់តែល្អប្រសើរជាងមុន។

លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចំណេះដឹង និងជំនាញដែលទើបទទួលបាន យកទៅអនុវត្តក្នុងការបង្រៀន ធ្វើឲ្យមានលទ្ធផលល្អប្រសើរឡើង និងបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅកម្ពុជា ឲ្យកាន់តែរីកចម្រើន នឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព។

វគ្គបំប៉ននេះរៀបចំដោយ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន២៩នាក់ ក្នុងនោះសិក្ខាកាមមកពីខេត្តសៀមរាប ចំនួន២៥នាក់ ស្រី ០១នាក់ មកពីវិទ្យាស្ថានអប់រំពិសេសចំនួន២នាក់ និងមកពីវិទ្យាស្ថានគរុកោសល្យបាត់ដំបងចំនួន២នាក់ និងមគ្រូឧទ្ទេសទាំងអស់មានសរុបចំនួន ៦នាក់ ស្រី២នាក់។

វគ្គបំប៉នបង្រៀន និងបង្ហាត់មុខវិជ្ជាផ្សេងៗគ្នារួមមាន គរុកោសល្យ និងវិធីសាស្រ្តបង្រៀនអប់រំកាយ ការរៀបចំផែនការមេរៀនប្រចាំឆ្នាំ ការសរសេរកិច្ចតែងការបង្រៀន វិធីសាស្ត្របង្រៀនតាមមុខវិជ្ជារងនីមួយៗដូចជា បាល់ទះ បាល់ទាត់ អត្តពលកម្ម និងអប់រំកាយជាមួយចង្វាក់ភ្លេង ដែលមានទាំងការធ្វើបទបង្ហាញផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់លើមុខវិជ្ជារងនីមួយៗនៅលើទីលាន៕

ដោយ៖លី ភីលីព

Most Popular

To Top