កីឡា

លោក ខេស៊ី បាណេត ៖ អត្តពលិកនៅគ្រឹះស្ថានឧត្តមសិក្សាជាប្រភពដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍជាមួយសហព័ន្ធកីឡាជាតិ

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថាន CamEd បានលើកឡើងថា ការបញ្ជូនកីឡាក្នុងឧត្តសិក្សាគឺសំខាន់សម្រាប់ឲ្យសិស្សានុសិស្សចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ភាធ ខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការងារ និងទទួលបានបទពិសោធន៍ការប្រកួត និងការផលិតធនធានកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡានានា តាមរយៈការរៀបចំការប្រកួតជារៀងរាល់ឆ្នាំនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺ ជាប្រភពដ៏សំខាន់ ក្នុងការចូលរួមជួយអភិវឌ្ឍធនធាន អត្តពលិកជាមួយ សហព័ន្ធកីឡាជាតិនានា។

នេះជាការលើកឡើង របស់លោក ខេស៊ី បាណេត ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡា បាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ លើកទី១០ (CamEd Men’s Futsal Tournament 2025) រដូវកាល ២០២៥ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅ Platinum Sport Club (ជ្រោយចង្វារ) ដែលរៀបចំដោយវិទ្យាស្ថាន ខេមអេដ។

លោក ខេស៊ី បាណេត គូសបញ្ជាក់ថា វិទ្យាស្ថាន ខេមអេដ និងគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទៀត នឹងវិនិយោគក្នុងវិស័យកីឡា ឱ្យកាន់តែច្រើន ក្នុងការប្រកួតប្រជែង ក្នុងកម្រិតឧត្តមសិក្សា។ ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភព ដ៏សំខាន់ សម្រាប់ការជ្រើសរើស ធនធានចូលរួម ជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡា ជំនាញនីមួយៗ។ ដូច្នេះហើយ បើយើងបង្កើតវប្បធម៌កីឡា ក្នុងវិស័យឧត្តមសិក្សា កាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើនចូលរួមជាមួយជាតិ ក្នុងការត្រៀមឆ្ពោះ ទៅចូលរួមប្រកួតអន្តរជាតិផងដែរ។

ការប្រកួតកីឡា សាកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខេមអេដ តែងតែបានចូលរួម ប្រកួតលើប្រភេទកីឡាជាច្រើនយ៉ាងសកម្ម ហើយតែងតែទទួល បានលទ្ធផលល្អប្រសើរ ជាពិសេសកាលពីឆ្នាំ២០២៤កន្លងទៅ ខេមអេដ ដណ្តើបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេស។

នាយកវិទ្យាស្ថានរូបនេះ បន្ថែមថា យើងចង់បង្កើតវប្បធម៌ នៃការលេងកីឡានៅប្រទេសកម្ពុជា ខណៈកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៩។ យើងចង់ឲ្យនិស្សិត របស់យើងធ្វើជាគំរូដល់យុវជនផ្សេងៗ ក្នុងការបំផុសស្មារតីចូលរួមលេងកីឡាដើម្បីឲ្យមានសុខភាពល្អ។ ក្នុងចំណោមកីឡាការិនីបាល់ទាត់ក្នុងសាលជាង ២០០នាក់ស្មើនឹង២០ក្រុម គឺមានធនធានកីឡាករមួយចំនួនមានទេពកោសល្យល្អៗ ដែលអាចចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិបាន។ ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន ខេមអេដ តែងតែបានរៀបចំការ ប្រកួតលើប្រភេទកីឡាចំនួន១៥ ដើម្បីបំផុសស្មារតីកីឡាករ កីឡាការិនី ដែលជានិស្សិតរបស់ខ្លួនចូលរួមលេងកីឡា និងព្យាយាមធ្វើជាគំរូ ក្នុងវិស័យ សិក្សាកម្រិតឧត្តមសិក្សា ដើម្បីស្វែងរកធនធានឆ្នើមៗ ចូលរួមប្រកួតប្រជែងក្នុង ការប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកបន្ថែមថា បើទោះបីជា ខេមអេដ ផ្តោតលើ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្តី ក៏តាមរយៈការរៀបចំព្រឹត្តិការណ៍ កីឡានេះជួយជំរុញឱ្យក្រុមកីឡារិនីជានិស្សិតរបស់ខ្លួនបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសបណ្តុះឱ្យពួកគាត់ចេះធ្វើការជាក្រុម ចេះធ្វើការក្រោមសម្ពាធ ដើម្បីឱ្យពួកគាត់ទទួលបាននូវបទពិសោធទាំងកម្លាំង និងលទ្ធផលជោគជ័យ៕

ដោយ៖ លី ភីលីព

Most Popular

To Top