កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ ការចូលរួមប្រកួតកីឡា យុវជនអាស៊ីលើកនេះ មានសារសំខាន់ សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតំណាង ដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺន កីឡាបានអញ្ជើញជួបសំណេះសំណាល ជូនដំណើរ និងផ្តល់អនុសាសន៍ ណែនាំដល់ ប្រតិភូកីឡាកម្ពុជា និង កីឡាករ-កីឡាកាវិនីមុនចេញ ដំណើរចូលរួមព្រឹត្តិការណ៍ ការប្រកួតយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ (The Asain Youth Games 2025) នៅទីក្រុង Manama ប្រទេសបារ៉ែនដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញ ពីសំណាក់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូ កីឡាកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកបណ្ឌិត ថោង ខុន បានប្រសាសន៍ថា កម្ពុជាបានបញ្ជូលក្រុមកីឡាករ-កីឡាការិនីចំនួន ១៣ប្រភេទកីឡា (ក្នុងចំណោម ២៣ប្រភេទ) ៖ កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣X៣ ជីជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើតុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និងបន្ថែមមួយ ប្រភេទកីឡាបញ្ចាំស៊ីឡាត់ចំនួន ៣នាក់ សរុបចំនួន ១៤ប្រភេទកីឡាដែលមានចំនួន៥២នាក់ ក្នុងនោះកីឡាករ ៣៣នាក់ គ្រូបង្វឹក ២១នាក់ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានមានប្រសាសន៍ថា សម្ដេចតេជោ ក៏ដូចសម្ដេចបវរធិបតី តែងតែឆ្លៀតពេល ដ៏មមាញឹក មកជួបប្អូនៗ កីឡាករ-កីឡាការិនីមុនចេញទៅប្រកួតកីឡាធំៗ ហើយតែងតែផ្ដាំផ្ញើឲ្យកីឡាករ-កីឡាការិនីយើង ខិតខំប្រឹងប្រែងនឹងយកឈ្នះចាញ់ជារឿងធម្មតា ប៉ុន្តែត្រូវប្រកាន់ភ្ជាប់នូវការគោរព បទបញ្ជាការប្រកួត ក្រមសីលធម៌ គឺបើឈ្នះ ក៏ឈ្នះដោយមានកិត្តិយស បើចាញ់ ក៏ចាញ់ដោយមានកិត្តិយសដែរ ។ ជាពិសេស ជៀសវាងជាដាច់ខាត ក្នុងការប្រើប្រាស់សារធាតុហាមឃាត់ “Doping” ដែលនាំដល់ការខូចខាត និងប៉ះពាល់កិត្តិយសជាតិធ្ងន់ធ្ងរ។

រាជរដ្ឋាភិបាល តែងតែខិតខំយកចិត្តទុកដាក់ក្នុង ការធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ឱ្យស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅឱ្យ វិស័យអប់រំកាយ និងកីឡា ក្លាយជាកម្មវត្ថុ នៃការកសាង គុណភាពជីវិត និងសុខុមាលភាពសង្គមព្រមទាំងបង្កើន គុណភាព នៃគុណផលកីឡាឈាន ទៅប្រកួតប្រជែងស្វែងរកឧត្តមភាពកីឡាជាតិលើឆាកអន្តរជាតិ ។

លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ កំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដោយផ្ដោតលើចំណុចអាទិភាពសំខាន់ៗចំនួន០៥ ចំណុចរួមមានការបន្តជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា ។ ការបន្តអភិវឌ្ឍធនធានមនុស្ស កសាងក្រុមកីឡាថ្នាល ឆ្ពោះទៅឆ្នាំ២០២៩ ដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ។ ការបន្តកំណែទម្រង់ នៃការប្រកួតគ្រប់ប្រភេទ និងជំរុញការ ចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា និងការបន្តផ្តល់ថវិកាគាំទ្រ ទៅដល់សហព័ន្ធកីឡាជាតិ និងអនុវត្តនិយាមស្តង់ដាសហព័ន្ធជាតិ ព្រមទំាងការលើកម្ពស់ការអប់រំកាយ និងកីឡា នៅសាលារៀន ក្នុងនោះវិស័យអប់រំកាយ និងកីឡា គឺ ជាសមាសធាតុដ៏សំខាន់មួយ ក្នុងការជំរុញគុណភាពអប់រំ ពីព្រោះសុខភាពល្អ របស់កុមារ សិស្ស-និស្សិត ត្រូវការចាំបាច់ធ្វើសកម្មភាពអប់រំកាយ និងកីឡា ក្នុងជីវភាព ប្រចាំថ្ងៃ។ ហើយរីឯកីឡាគុណផលកម្រិតខ្ពស់ គឺជាជំនាញវិជ្ជាជីវៈមួយប្រចាំជីវិត និងផ្តល់អត្ថប្រយោជន៍យ៉ាង ធំធេងដល់កិត្តិយសជាតិ និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមប្រកួតកីឡាយុវជនអាស៊ីលើកនេះ មានសារសំខាន់សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំធ្វើជា ម្ចាស់ផ្ទះឆ្នាំ២០២៩ ដែលរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យរៀបចំ បន្ទាប់ពីកម្ពុជា ធ្លាប់បានទទួលបានជោគជ័យ ដ៏ត្រចេះត្រចង់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES និងASEAN PARA GAMES ឆ្នាំ២០២៣ ។ ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះឱ្យបានល្អ និងជោគជ័យ ខ្ញុំសូមផ្តល់អនុសាសន៍ និង ជំរុញ ប្រសិទ្ធភាពក្នុងការយកចិត្តទុកដាក់អំឡុង ពេលចូលរួមប្រកួតលើកនេះ ដូចជារក្សាឱ្យបានដាច់ខាតនូវកិត្តិយស សេចក្ដីថ្លៃថ្នូរបស់ជាតិ គ្រប់សកម្មភាព និងឥរិយាបថ អំឡុងពេល បំពេញបេសកកម្ម ចូលរួមការប្រកួតនេះ។ គោរពវិន័យ គោលការណ៍ណែនាំ និង ក្រមសីលធម៌របស់ប្រតិភូកីឡា ដែលមាននាយបេសកកម្ម និងនាយបេសកកម្មរងជា អ្នកទទួលខុសត្រូវ ក្នុងប្រតិបត្តិការងារផ្ទាល់ជាមួយម្ចាស់ផ្ទះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈប្រតិភូកីឡាប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្ដៅដល់ កីឡាករ កីឡាការិនី ។

កីឡាករ កីឡាការិនី និងគ្រូបង្វឹក ខិតខំប្រឹងប្រែង យកអស់សមត្ថភាព លទ្ធភាព និងប្រឹងឱ្យអស់ ថាមពល នគុណផលកីឡារបស់ខ្លួន ធ្វើការប្រកួតឱ្យទទួលបានលទ្ធផលបច្ចេកទេសល្អ និងទទួលបាន ជោគជ័យលាភីជូនជាតិ ប៉ុន្តែរក្សាកិត្តិយសជាកីឡាករ ដោយមិនរំលោភបទបញ្ជា ការប្រកួត និងមិនប្រើប្រាស់ សារធាតុ Doping ជាដាច់ខាត់ ។ ចំពោះកីឡាករ កីឡាការិនី និងគ្រូបង្វឹក អំឡុង ពេលមុនចេញដំណើរ និងពេលប្រកួតត្រូវប្រយ័ត្ន ប្រយែងបញ្ហាសុខភាព ជាចម្បង និងជៀសវាងការម្រេចផ្លោះ របួសស្នាម អំឡុងមុនពេលប្រកួត ដើម្បីជៀសវាង ពាក្យថា “ ចាញ់មុនប្រកួត” ដោយគ្មានហេតុផលសមរម្យ៕

Most Popular

To Top