កីឡា

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកនៅខេត្តកោះកុង បញ្ចប់ដោយជោគជ័យ

ខេត្តកោះកុង៖ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោកលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោកឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកនៅខេត្តកោះកុង។

លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់ និងគណៈគ្រប់គ្រងវគ្គសិក្សាបានប្រាប់ឲ្យដឹងថា យោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកោះកុង បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំពិកដល់សិក្ខាកាមចំនួន ២៦ រូប ក្នុងនោះស្រី៦រូប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកតាមបណ្តាខេត្ត ដើម្បីងាយស្រួលក្នុងការជ្រើសរើសកីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា មកហ្វឹកហាត់ដែលជាការផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមសកម្មភាពកីឡាទាំងថ្នាក់ខេត្ត ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនោះ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានយកចិត្តទុដាក់ជួយជនពិការខ្សោយសតិបញ្ញាឲ្យទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវសុខុមាលភាព មានភាពក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌សេចក្តីថ្លៃថ្នូរ ភាពរាក់ទាក់ពីសំណាក់អាណាព្យាបាល និងជៀសផុតពីការរើសអើងផ្សេងៗក្នុងសង្គម។

ក្រៅពីនេះ យើងបានសហការជាមួយស្ថាប័ន អង្គការ សមាគមនានាបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញាដើម្បីលើកទឹកចិត្តដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បានចូលរួមលេងកីឡាឱ្យបានផលផុស ដែលនេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនពិការ។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែបានយកចិត្តទុដាក់ក្នុងការពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅតាមរាជធានី ខេត្ត រួមមាន អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ សម្រាប់ឆ្នាំ២០២៥នេះ យើងបានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តចំនួន៣ទៀតគឺ ខេត្តប៉ៃលិន ខេត្តកោះកុង និងខេត្តកែប សរុបបានចំនួន១៩ រាជធានីខេត្ត និងបន្តបញ្ចប់ដល់គ្រប់បណ្តាខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦-២០២៧ ខាងមុខនេះ។

លោកអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជាក់ថា ម៉្យាងវិញទៀតដើម្បីឲ្យអនុគណៈកម្មាធិការនីមួយៗដំណើរការបាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីពាក់ព័ន្ធឱ្យបានយល់ពីបញ្ហាពិការភាព និងបច្ចេកទេសកីឡានានាដូចនាពេលនេះស្រាប់។ ជាពិសេស ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា ផ្តល់ចំណេះដឹងអំពីលក្ខណៈសម្បត្តិជនមានពិការភាពបញ្ញាខ្សោយ វិញ្ញាសាកីឡាដែលពួកគាត់អាចលេងបាន និងវិញ្ញាសាដែលត្រូវហាមឃាត់ ការបង្ហាញពីភាពខុសគ្នារវាងកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិក ដែលសិក្ខាកាមអាចយកទៅអនុវត្តក្នុងការហ្វឹកហាត់នៅតាមអង្គភាពមូលដ្ឋានរបស់ពួកគាត់។

មិនតែប៉ុណ្ណោះ យើងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចជា វេទិកាអាណាព្យាបាល សុខភាពសហគមន៍ ការត្រួតពិនិត្យសុខភាពកីឡាករ កីឡាការិនី និងការហ្វឹកហាត់ផ្សេងៗរួមបញ្ចូលគ្នា ដើម្បីបំពេញតម្រូវការក្នុងសហគមន៍របស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍នៅមានកម្រិតដូច្នេះចលនាកីឡាស្ប៉េស្យាល់អូឡាំពិកគឺត្រូវពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកា ដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកជារៀងរាល់ឆ្នាំផងដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top