វៀតណាម៖ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំពិភាក្សា និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយសាកលវិទ្យាល័យកីឡាបាក់និញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ដោយភាគីទាំង២ បានពិភាក្សាទៅលើ ទី១ ការបញ្ជូនអ្នកជំនាញ និងសាស្ត្រាចារ្យមកជួយបណ្តុះបណ្តាលលើជំនាញឯកទេសគ្រូបង្វឹក។

ទី២ ពិនិត្យលទ្ធភាពអនុវត្តការស្រាវជ្រាវរួមគ្នា និងបោះពុម្ពផ្សាយលទ្ធផលស្រាវជ្រាវក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រឯកទេសអន្តរជាតិ។ ទី៣ លើកកម្ពស់ការអភិវឌ្ឍន៍គម្រោងបណ្តុះបណ្តាលរួមគ្នាសម្រាប់ថ្នាក់បរិញ្ញាបត្រ តាមរូបមន្ត ២+២ (២ ឆ្នាំនៅកម្ពុជា និង ២ឆ្នាំនៅវៀតណាម) ឬ ៣+១ (៣ ឆ្នាំនៅកម្ពុជា ១ ឆ្នាំចុងក្រោយនៅវៀតណាម) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមរូបមន្ត ១+១ (១ឆ្នាំនៅកម្ពុជា ១ឆ្នាំនៅវៀតណាម) ឬ ៣+១ (៣ ឆមាសនៅកម្ពុជា ១ ឆមាសចុងក្រោយនៅប្រទេសវៀតណាម)៕





ដោយ៖លី ភីលីព
