ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ស្ថិតនៅក្រោមការបណ្ដេញចេញពីតំណែង បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីត្រូវបានធ្លាក់ចេញពីជុំទី៤ នៃវគ្គជម្រុះព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ២០២៦ “World Cup 2026” ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាមទារឲ្យបណ្តេញលោកចេញ។
ការវិភាគមួយ បន្ទាប់ពីការបរាជ័យ ០-១ របស់ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ក្រោមស្នាជើងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ាក់កាលពីថ្ងៃទី ១១ ខែតុលា Suara បានចង្អុលបង្ហាញបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Patrick Kluivert ជាហេតុផលចម្បងសម្រាប់ការបរាជ័យរបស់ក្រុម។
កាសែតនោះបានសរសេរថា យុទ្ធសាស្ត្រដែលបានប្រើ គឺគ្មានប្រសិទ្ធភាពក្នុងការបំបែកប្រព័ន្ធការពារមានវិន័យរបស់អ៊ីរ៉ាក់នោះទេ ចំណែកការប្តូរកីឡាកររបស់លោកក្នុងតង់ទី២ មិនបាននាំមកនូវការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នោះទេ។លោក Kluivert បានទទូចលើទម្រង់លេង ៤-២-៣-1 បានបង្ហាញម្តងហើយម្តងទៀតថា មិនសមរម្យសម្រាប់ឥណ្ឌូនេស៊ី ទាំងការវាយលុក និងការការពារ។
លោក Kluivert ជាខ្សែប្រយុទ្ធកំពូលម្នាក់របស់អឺរ៉ុបក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ ២០០០ ពីមុនធ្លាប់លេងឲ្យក្លឹបធំៗដូចជា Ajax, Barcelona, AC Milan និង Newcastle ។ លោករកបាន ៧៩ ប្រកួតឲ្យហូឡង់ ដោយស៊ុតបញ្ចូលទីបាន ៤០ គ្រាប់ និងបញ្ចប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Euro 2000 ៕
