កីឡា

លោក ហែម គីរី ៖ ការប្រកួតជើងឯកឆ្នាំនេះជាការដុសខាតសមត្ថភាពកីឡាករ-កីឡាការិនីហែលទឹក និងពាក់ជើងទាសម្រាប់ត្រៀមខ្លួនប្រកួតកម្រិតអន្តរជាតិនានា

ភ្នំពេញ៖ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញថា រៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះ សហព័ន្ធនឹងរៀបចំខុសប្លែកជារាល់ឆ្នាំមុន ដោយផ្តោតទៅលើការត្រៀមខ្លួនក្នុងការចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសឥណ្ឌូនេស៊ីនាចុងខែវិច្ឆិកា និងទី២ ការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡា បានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ ជាការដុសខាតសមត្ថភាពសម្រាប់ត្រៀមខ្លួនប្រកួតកម្រិតអន្តរជាតិ ក្នុងនោះសហព័ន្ធក៏ត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនីហែលទឹកចូលរួមការប្រកួតជើងឯកពិភពលោកនៅប្រទេសចិននាខែធ្នូ គឺជាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីហែលទឹក និងពាក់ជើងទាត្រៀមខ្លួនការប្រកួតនេះ។ ហើយអ្វីដែលខុសប្លែកឆ្នាំនេះ សហព័ន្ធនឹងត្រៀមលក្ខណៈ ដោយការប្រកួតផ្តោតទៅលើការមកដល់ជាមួយភាពរីករាយនឹងភាពទាន់សម័យនៃសកម្មភាពការប្រកួតកីឡាហែលទឹកជាមួយក្រុមកីឡាករ-កីឡាការិនីហែលទឹក និងពាក់ជើងទាយើង។

សហព័ន្ធនឹងផ្តាស់ប្តូរពេលវេលាប្រកួតពេលត្រង់មកប្រកួតពេលល្ងាច ឬយប់វិញ ដើម្បីទាក់ទាញឲ្យមហាជនអាចចូលរួមទស្សនាការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយសារពេលនេះមហាជន និងអាណាព្យាបាលក្រុមកីឡាករ-កីឡាការិនីហែលទឹក និងពាក់ជើងទាអាចទស្សនាកូនរបស់គាត់ប្រកួតបាន ហើយការជាលើកទឹកចិត្តដល់កូនរបស់គាត់ដែរ។

បញ្ជាក់៖ដោយទទួលបានចំណារឯកភាពដ៏លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យរៀបចំ ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ជាផ្លូវការចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។

ចំណែក សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានរួមមានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
សម្រាប់ការទទួលពាក្យចូលរួម គឺនៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក (អគារខាងជើងអាងហែលទឹក បរិវេណនៃពហុកីឡដ្ឋានជាតិ) សង្កាត់វាលវង់ ខណ្ឌ៧មករា រាធានីភ្នំពេញ។ ឈប់ទទួលពាក្យត្រឹមថ្ងៃ៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។កីឡាករ កីឡាការិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៣ វិញ្ញាសា(វិញ្ញាសាឯកត្តជន)៕

ដោយ៖លី ភីលីព

Most Popular

To Top