ប្រទេសវៀតណាម៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំក្រោមប្រធានបទ «តម្រង់ទិសនៃការរួមចំណែកកីឡា ដល់ការអភិវឌ្ឍប្រកបដោយចីរភាព»៖
អង្គប្រជុំបានពិភាក្សាលើ ទី១ ការវាយតម្លៃបញ្ចប់អណត្តិផែនការអាស៊ាន ស្តីពីកីឡាឆ្នាំ២០២១-២០២៥ ដោយសម្រេចបានលទ្ធផល ៩៤%នៃផែនការ។ ទី២ ការកំណត់ទិសដៅអាទិភាពនៃផែនការអាស៊ានស្តីពីកីឡា២០២៦-២០២៥។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្នុងនាមតំណាងលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើសេចក្តីថ្លែងការ ឆ្លុះបញ្ជាំងពីការអនុវត្ត សកម្មភាពការងារកីឡាអាស៊ាន នៅកម្ពុជា ដោយសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់លើការលើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡា យេនឌ័រ និងស្ត្រីភាពជាអ្នកដឹកនាំ ក្នុងវិស័យកីឡា កីឡាសម្រាប់ជនមានពិការភាព ការរៀបចំព្រឹត្តិការណ៍កីឡា រត់ពាក់កណ្តាលម៉ារ៉ាតុង ប្រណាំងទូកប្រពៃណី ការប្រកួត និងសំដែងកីឡាគុនខ្មែរ គុនល្បុកត្តោ រួមទាំង ការប្រើប្រាស់ពិភាក្សា រួមចំណែកដល់ការសម្រេច គោលដៅសហប្រជាជាតិប្រកបដោយចីរភាព (Sustainable Development Goals) លោករដ្ឋលេខាធិការ បញ្ជាក់ជំហរ គាំទ្រ លើទិសដៅបន្ត ជាអាទិ៍ កីឡាដើម្បីសន្តិភាព និងការអភិវឌ្ឍ (ការទូតកីឡា) ការលើកកម្ពស់ធនធានមនុស្សក្នុងកីឡា រួមទាំងវិទ្យាសាស្ត្រកីឡា បច្ចេកវិទ្យាកីឡា ឧស្សាហកម្មកីឡា សុច្ចរិតភាពកីឡា និងទេសចរណ៍កីឡា៕








