ប្រទេសរៀតណាម ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន+ជប៉ុនលើកទី៥ (5th ASEAN+JAPAN Ministerial Meeting on Sport) ក្រោមការដឹកនាំកិច្ចប្រជុំដោយសហប្រធាន ឯឭលោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ កីឡា និងទេសចរណ៍វៀតណាម និង លោក KAWAI Junichi, Commissioner of Japan Sport Agency នៅទីក្រុង ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

អង្គប្រជុំបានពិនិត្យបូកសរុបសមិទ្ធិផលការងារក្នុងក្របខណ្ឌផែនកាសកម្មភាពអាស៊ាន+ជប៉ុនស្តីពីកីឡា (ASEAN Japan Action on Sports) ដោយផ្តោតលើ ការអភិវឌ្ឍសមត្ថភាពគ្រូអប់រំកាយ និងគ្រូបង្វឹកកីឡា កីឡាប្រកបដោយបរិយាប័ន្ន សមភាពយេឌ័រក្នុងកីឡា កីឡាដើម្បីជនមានពិការភាព ការអប់រំអំពីការប្រឆាំង ការប្រើប្រាស់សារធាតុដូប៉ា (Anti-Doping Education) ការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឧស្សហកម្មកីឡា និងវិទ្យាសាស្ត្រកីឡា។

ទិសដៅសម្រាប់ក្របខណ្ឌផែនកាសកម្មភាពអាស៊ាន+ជប៉ុនស្តីពីកីឡាឆ្នាំ២០២៦ ដល់ ២០៣០ ផ្តោតលើការគ្រប់គ្រងកីឡា (Sport Management) កីឡាឌីជីថល និងនវានុវត្តកីឡា (Digital Sport and Innovation) កីឡាក្នុងសាលារៀន (School Sport) គោលដៅសកលសម្រាប់សង្គមប្រកបដោយបរិយាប័ន្ន និងចីរភាពតាមរយៈកីឡា “រីករាយជាមួយកីឡា រីករាយជាមួយជីវីត Enjoy Sport, Enjoy Life”។

តាងនាមឱ្យរដ្ឋាភិបាលកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា បានប្រកាសជាផ្លូវការអំពីការធ្វើជាម្ចាស់ផ្ទះនៅកម្ពុជា និងសូមទទួលស្វាគមន៍ប្រតិភូទាំងអស់សម្រាប់កិច្ចប្រជុំកិច្ចប្រជុំ រដ្ឋមន្ត្រីកីឡាអាស៊ាន+ជប៉ុនលើកទី៦ (6th ASEAN+JAPAN Ministerial Meeting on Sport) ដែលនឹងរៀបចំធ្វើក្នុងខែតុលា ឆ្នាំ២០២៧ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ព្រមជាមួយនេះ លោករដ្ឋលេខាធិការ បានជួបទ្វេរភាគីជាមួយ ឯកឧត្តម KAWAI Junichi, Commissioner of Japan Sport Agency ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការងារកីឡា ជប៉ុន និងកម្ពុជា ពិសេសកម្ពុជាបាន បញ្ជាក់អំពីការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាអាស៊ី Achi-Nagoya Asia Games 2026 នៅប្រទេសជប៉ុន និងស្នើសុំជប៉ុនគាំទ្រដល់ការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាព ដល់អត្តពលិកកម្ពុជា និងគ្រូបង្វឹកកីឡា លើប្រភេកីឡាយូដូ ការ៉ាតេ និងការជួយសម្របសម្រួលជា មួយទីភ្នាក់ងារប្រឆាំងដូប៉ាជប៉ុន (JADA) ដើម្បីជួយការបណ្តុះបណ្តាល និងអប់រំ និងគាំទ្របច្ចេកទេសដល់ ទីភ្នាក់ងារប្រឆាំងដូប៉ាកម្ពុជា (CADA)៕


