កីឡា

លោក ម៉ារ វង្សវិបុល ៖ ច្បាប់ថ្មីមានសារសំខាន់ណាស់ សម្រាប់អាជ្ញា កណ្ដាល-ចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកីឡាយូដូ

ភ្នំពេញ ៖ លោក Emmanuel Dias អនុប្រធានខេមរសហព័ន្ធយូដូ តំណាងលោក ហេង លី ប្រធានខេមរសហព័ន្ធយូដូ និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេសខេមរសហព័ន្ធយូដូនិងគ្រូឧទ្ទេស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡាយូដូថ្នាក់បឋម ឆ្នាំ២០២៥ ដែលមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ រៀបចំដោយ ខេមរសហព័ន្ធយូដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡាប្រព្រឹត្ត នៅអាគារដំបូលទូក នៃសាលហ្វឹកហាត់របស់ខេមរសហព័ន្ធយូដូ ។

លោក ម៉ារ វង្សវិបុល គ្រូប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្ត្រី បច្ចេកទេស-អាជ្ញា កណ្ដាល-ចៅក្រមកីឡាយូដូនេះ បានចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ ដោយមន្ត្រី ជាសិក្ខាកាម ចូលរួមសរុបចំនួន ២៦នាក់ មកពីក្លិបកីឡាយូដូ រូមមានភ្នំពេញ ខេត្តកណ្តាល សៀមរាប និងបណ្តាលក្លិបផ្សេងៗ ។ វគ្គបណ្តុះបណ្តាលយើងសិក្សាអំពីច្បាប់ប្រកួតថ្មី ក្រោយពីរូបលោក បានបញ្ចប់សិក្សា ពីក្រៅប្រទេស ហើយខេមរសហព័ន្ធក៏បានអនុញ្ញាត សិក្ខាកាមបញ្ចប់វគ្គឆ្នាំចាស់ មកសិក្សបន្ថែមទៀតដើម្បីយល់ដឹងពីច្បាប់ថ្មីនេះ។

លោកប្រធានបច្ចេកទេស បានបន្តថា និងសិក្ខាកាមដោយអនុវត្តន៍ តាមកិច្ចព្រមព្រៀងស្តីពីការអនុវត្តន៍ថវិកា គាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ ឆ្ពោះទៅចូលរួមការប្រកួតកីឡាជាតិ និងអន្តរជាតិ ។ ខេមរសហព័ន្ធកីឡាយូដូ បានរៀបចំវគ្គបណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់បឋមឆ្នាំ២០២៥ ឡើងដើម្បីអភិឌ្ឍន៍បណ្តុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រមជំនាន់ក្រោយបន្ថែមទៀត ស្របពេលដែលវិស័យកីឡាកីឡាយូដូកំពុងទទួលបានការគាំទ្រ និងរីកចម្រើននាពេលបច្ចុប្បន្ននេះ។

លោក Emmanuel Dias បានមានប្រសាសន៍ថា ខេមរសហព័ន្ធយូដូបានរៀបចំវគ្គបណ្តុះបណ្ដាល មន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល -ចៅក្រម កីឡាដើម្បីបង្កើនចំណេះដឹងបន្ថែមទៀត ពីព្រោះមន្ត្រីបច្ចេកទេស- អាជ្ញាកណ្ដាល-ចៅក្រមដើរតួយ៉ាងសំខាន់សម្រាប់កីឡាយូដូ ។ ឆ្នាំនេះមន្ត្រី ជាសិក្ខាកាមបានសិក្សាល្អប្រសើរជាងឆ្នាំមុនៗ ដោយពួកគេបានអនុវត្តផ្ទាល់បានច្រើន ទើបធ្វើឲ្យទទួលបានល្អរហូតដល់ ៨០ ភាគរយឯណោះ ។ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាយូដូ ឆ្នាំ២០២៥ នេះពិតជាមានសារសំខាន់ក្នុងការពង្រឹង និងពង្រីកនូវធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យកីឡាយូដូ នៅកម្ពុជាឲ្យទទួលបាននូវលទ្ធផលល្អ៕

Most Popular

To Top