កីឡា

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ

ភ្នំពេញ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានប្រកាសតែងតាំង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការរងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធចាប់ថ្ងៃនេះតទៅ នៅសាលប្រជុំតុក្នុងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្នុងឱកាសនេះដោយមានអញ្ជើញចូលរួមលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក សឿន យី នាយករងតំណាងលោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) និងសមាជិកសហព័ន្ធជាមួយជួបសំណេះសំណាល់ជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីលើកទម្ងន់ ៦ នាក់មុនចេញដំណើរចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធបានមានប្រសាសន៍ថា នេះជាឱកាសសម្រាប់កីឡាករ-កីឡាការិនីលើកទម្ងន់ដើម្បីបញ្ចេញសា្នដៃលើឆាកអន្តរជាតិ បន្ទាប់ពីកីឡាករ-កីឡាការិនីលើកទម្ងន់បានហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំហើយ ។ ស្នាដៃដែលកីឡាករ-កីឡាការិនីទទួលបានរបស់កីឡាករ-កីឡាការិនី មិនមែនជារបស់ដឹកនាំសហព័ន្ធឡើយ ដូច្នេះកីឡាករ កីឡាការិនីថ្នាលរបស់យើងប្រឹងប្រែងយកចិត្តទុកដាក់ប្រកួតអោយអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យលាភីជូនជាតិមាតុភូមិ និងខ្លួងឯផ្ទាល់ ។

ក្នុងឱកាសនោះដែរ សហព័ន្ធក៏បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួនជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៤០ ម៉ឺនរៀល និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឧបត្ថម្ភដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល៕

ដោយ៖លី ភីលីព

Most Popular

To Top