ភ្នំពេញ ៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងប្រធាន សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងអគ្គលេខាធិការរងក្រុមប្រឹក្សា កីឡាកងយោធពលខេមរភូមិន្ទ និងលោក សឿន យី នាយករងតំណាង លោក ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បានអញ្ជើញ ជួបសំណេះសំណាល ជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីលើកទម្ងន់ ៦ នាក់ មុនចេញដំណើរ ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី លើកទម្ងន់ទំាងអស់ ត្រូវរក្សាវិន័យឲ្យបានល្អ និងខិតខំប្រឹងប្រែងប្រកួតឲ្យពីសមត្ថភាព ដើម្បីដណ្តើមជ័យលាភីជូនសហព័ន្ធ និងប្រទេសជាតិ។ នេះជាការប្រកួតអន្តរជាតិកម្រិត ខ្ពស់ ខ្លាំងជាងការប្រកួតកីឡា SEA GAME ទៅទៀត ជាពិសេសកីឡាករ-កីឡាការិនី ត្រូវរក្សាសុខភាពបានល្អ ប្រសិនបើគេងមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ការប្រកួតជាក់ជាមិនខាន់ឡើយ។ ការប្រកួតខាងលើនេះ គឺជាឪកាសលោកចង់ឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹករបស់លោក ទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស របស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យក្នុង ការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ។

លោក វ៉ា ស៊ិនភីរម្យ បានមានប្រសាសន៍ថា នេះជាឱកាសសម្រាប់កីឡាករ-កីឡាការិនី លើកទម្ងន់ ដើម្បីបញ្ចេញសា្នដៃ លើឆាកអន្តរជាតិ បន្ទាប់ពីកីឡាករ-កីឡាការិនីលើកទម្ងន់បានហ្វឹកហាត់អស់ រយៈពេលជាច្រើនឆ្នាំហើយ ។ ស្នាដៃដែលកីឡាករ-កីឡាការិនីទទួលបានរបស់កីឡាករ-កីឡាការិនី មិនមែនជារបស់ ដឹកនាំសហព័ន្ធឡើយ ដូច្នេះកីឡាករ កីឡាការិនីថ្នាលរបស់យើងប្រឹងប្រែង យកចិត្តទុកដាក់ប្រកួតអោយអស់ពីសមត្ថភាព ដើម្បីដណ្តើមយកជ័យលាភី ជូនជាតិមាតុភូមិ និងខ្លួងឯផ្ទាល់ ។

ក្នុងឱកាសនោះដែរ សហព័ន្ធក៏បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួនជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៤០ ម៉ឺនរៀល និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឧបត្ថម្ភដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល។







