កីឡា

សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) សម្រេចចិត្តបណ្ដេញគ្រូបង្វឹក ជម្រើសជាតិ លោក Masatada Ishii ចេញពីតំណែង

ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Indian Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានប្រកាសពីការចាកចេញ របស់គ្រូបង្វឹក Masatada Ishii ជាគ្រូបង្វឹកជម្រើសជាតិ របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារលោកត្រូវបានគេចាត់ទុកថា មិនសាកសមសម្រាប់ ក្រុមជម្រើសជាតិថៃទៀតឡើយ ។

យោងតាម FAT បានឲ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំរវាងគ្រូបង្វឹក Ishii និងគណៈកម្មាធិការបច្ចេកទេស FAT ។ ទម្រង់លេងរបស់លោក Ishii ថ្មីៗនេះត្រូវបានគេវាយតម្លៃថា មិនស័ក្តិសមសម្រាប់ក្រុមជម្រើសជាតិ ហើយលទ្ធផលក្រោមការដឹកនាំរបស់លោក គឺមិនដូចការរំពឹងទុកនោះទេ។

ការប្រកាសនេះបានធ្វើឡើងជាការភ្ញាក់ផ្អើលមួយ ដោយសារតែថៃទើបតែទទួលបានជ័យជម្នះ ២ លើកទល់នឹងតៃវ៉ាន់ ២-០ និង ៦-១ ក្នុងវគ្គជម្រុះ Asian Cup 2027 កាលពីថ្ងៃទី ៩ និង ១៤ ខែតុលា។ ប្រព័ន្ធផ្សព្វផ្សាយថៃមិនបានបង្ហាញពីសញ្ញាណាមួយថា ការចាកចេញរបស់លោក Ishii ជិតមកដល់នោះទេ។

លោក Ishii ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិថៃក្នុងខែធ្នូ ឆ្នាំ ២០២៣ ដោយជំនួសលោក Mano Polking ។ កំណត់ត្រារបស់គាត់បន្ទាប់ពី ៣០ ប្រកួតគឺឈ្នះ ១៦ ស្មើ ៦ និងចាញ់ ៨ ។ ការប្រកួតដំបូងរបស់លោក Ishii គឺចាញ់ជប៉ុន០-៥ ក្នុងការប្រកួតមិត្តភាព។ បន្ទាប់មក ថៃធ្វើបានល្អក្នុងព្រឹត្តិការណ៍ Asian Cup 2023 ដោយបានយកឈ្នះ Kyrgyzstan ២-០ ស្មើ 0-០ ជាមួយ Oman និង Saudi Arabia មុនពេលចាញ់ Uzbekistan ១-២ ក្នុងជុំទី១៦៕

Most Popular

To Top