ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នេះបានជួបសំណេះសំណាល និងជូនដំណើរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ កម្ពុជាចំនួន ៧ រូប ទៅចូលរួមការ ប្រកួតកីឡាយុវជន អាស៊ីហ្គេមលើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នៅសាលប្រជុំ របស់សហព័ន្ធក្នុង ពហុកីឡដ្ឋានជាតិ។

ក្នុងឱកាសសំណេះសំណាលនេះ លោក ហែម គីរី បានលើកទឹកចិត្ត និង ណែនាំដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតនេះ ត្រូវចេះសាមគ្គីជួយគ្នាទៅវិញទៅមក យកចិត្តទុកដាក់អនុវត្ត វិន័យឲ្យត្រឹមត្រូវ បំពេញឲ្យគ្រប់លក្ខខណ្ឌ តាមការណែនាំ របស់គណៈកម្មការរៀបចំការប្រកួត ពិសេសនោះត្រូវថែរក្សាសុខភាពឲ្យបានរឹងមាំ ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ពង្រឹងស្មារតី ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមប្រកួតដណ្ដើម យកមេដាយជូនប្រទេសជាតិយើង ។

ក្នុងការលើកទឹកចិត្ត ដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ ខ្មែរកីឡាហែលទឹក តំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក បាននាំយកថវិកា របស់លោកប្រធាន ឧបត្ថម្ភម្នាក់ ២០០ដុល្លារ ។

ក្រុមគ្រូបង្វឹក និងកីឡាករ កីឡាការិនីទំាង ៧ នាក់រួមមាន លោកគ្រូបង្វឹក ឆោម ច័ន្ទថុន កីឡាករ ឌឿន រ៉ាត់ធីឌុន កីឡាការិនី ឃឺន ចន្ទចរិយា កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា កីឡាករ លឹម សុខវារៈស័ក្តិ និងកីឡាករ សុខ ស្សរះនឹងត្រូវចេញដំណើរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ៕






