ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ K8 Football Team ក្រោមដឹកនាំដោយ លោក រិទ្ធិ ឌីកា ប្រធានបច្ចេកទេសក្លឹបបាល់ទាត់អាជីព ព្រះខ័នរាជ ស្វាយរៀង បានធ្វើការប្រកួតមិត្តភាពជាមួក្រុមបាល់ទាត់ Vlogger All Star ក្រោមប្រធានបទ “ការប្រកួតបាល់ទាត់ប្រមូលថវិកា គាំទ្រវីរកងទ័ពជួរមុខ” នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីលានវាលស្មៅកីឡដ្ឋានស្តាតចាស់ ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនៗ ។

លោក ដូ រី អ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកកម្មវិធីបាល់ទាត់សប្បុរសធម៌ ជួយដល់វិរៈកងទព័ពកម្ពុជា បាននិយាយថា ក្រុមបាល់ទាត់ Vlogger All Stars នឹងក្រុមបាល់ទាត់វ័យចាស់ K8 Football Team នៅលើទីលានវាលស្មៅ នាកីឡដ្ឋានស្តាតចាស់ គឺជាបេសកម្មប្រកួតលើកទី២ហើយ ដើម្បីប្រមូលថវិកាគាំទ្រ ពីបណ្តាក្រុមបាល់ទាត់យកជួយគាំទ្រ ដល់វិរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ពីការឈ្លានពានពីប្រទេសថៃ ។

ស្ថាបនិករូបនេះ បានគូសបញ្ជាក់ទៀតថា ២ ប្រកួតនេះ មូលនិធិទទួលបានការឧបត្ថម្ភពីក្រុមបាល់ទាត់បានជាង១០០០ដុល្លារហើយ ដោយប្រកួតលើកទី១ ទទួលបានការគាំទ្រចំនួន២លានរៀល និង ប្រកួតលើកទី២ ប៉ះក្រុមបាល់ទាត់ K8ទទួលបានការឧបត្ថម្ភចំនួន៦៦៦ដុល្លារ ខណៈដែលបេសកម្មបន្តបន្ទាប់ទៀត គ្រោងនឹងទទួលការប្រកួតជាមួយបណ្តា ក្រុមបាល់ទាត់ផ្សេងៗទៀតប្រមាណជា៤ទៅ៥ប្រកួតទៀត ។ ដោយក្រុមបាល់ទាត់នីមួយៗ តម្រូវឲ្យចូលរួមបរិច្ចាគថវិកាចាប់ពី២លានរៀលឡើងទៅ ។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Stars និងជាស្ថាបនិកមូលនិធិជួយដល់វិរៈកងទ័ព លោក ដូ រី សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមលើកទឹកចិត្តដល់វិរៈកងទ័ព កុំធ្វើព័ត៌មានបំពុលសង្គម និងកុំស៊ែចែករំលែករាល់ព័ត៌មានបំពុលសង្គម ហើយ ជឿងជាក់លើថ្នាក់ដឹកនាំនិងប្រមុខរាជរដ្ឋាភបាលកម្ពុជាយើង ។

ចំណែកអតីតជម្រើសជាតិបាល់ទាត់ លោក សោម សារ៉ន គ្រូបង្គោលក្រុមបាល់ទាត់វ័យចាស់ K8 Football Team បានប្រាប់ឲ្យដឹងថា ការចូលរួមបរិច្ចាគថវិកា ក្នុងមូលនិធិនេះ គឺមានចំនួនតិចតួចនោះទេ ប៉ុន្តែអារម្មណ៍ក្នុងក្រុមបាល់ទាត់ របស់ក្រុមទាំងមូលនេះសប្បាយចិត្ត ហើយការចូលរួមថវិកា ជួយដល់វិរៈកងទ័ពជួរមុខនេះសម្រាប់ក្រុមលោកគឺជាលើកទី៣ហើយ ។ ព្រោះការចូលរួមនេះ គឺជាការបញ្ជាក់ពីទឹកចិត្ត ក្តីស្រលាញ់គាំទ្រចំពោះវរភាពអង់អាចក្លាហានរបស់វិរៈកងទ័ពយើងដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។

លោក សោម សារ៉ន បានបន្តថា យើងជាប្រជាពលរដ្ឋ គ្មានអ្វីជួយពួកគាត់បាននោះទេ ពោលគឺមានតែស្មានតីគាំទ្រ ពីក្រោយជួយជាសម្ភារៈនេះឯង ។ ទន្ទឹមជាមួយគ្នានេះ លោក បានលើទឹកចិត្តដល់កីឡាទាំងអស់ គួរបង្កើតនូវមូលនិធិជួយគាំទ្រដល់វិរៈកងទ័ពជួរមុខ តាមរូបភាពប្រកួតគ្រប់ប្រភេទកីឡា ដើម្បីបង្ហាញពីស្មារតីគាំទ្រ លើកទឹកដល់វិរៈកងទ័ពកម្ពុជា ។ កម្មវិធីបាល់ទាត់សប្បុរសធម៌នេះ គ្រោងនឹងប្រកួតចំនួន ១០ ប្រកួត ដោយគ្រោងបញ្ចប់ នៅខែធ្នូឆ្នាំ២០២៥ ខណៈការប្រកួតដំណើរបាន៥ក្រុម នឹងយកថវិកាទិញសម្ភារៈមួយចំនួន ជូនវិរៈកងទ័ពមួយដំណាក់កាលសិន ហើយ ប្រកួតបន្តទៀត និងយកទៅជួយតាមក្រោយទៀត ៕






