ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ លោក ផាត បញ្ញាសុជាតក៌តំណាងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងជានាយរងបេសកម្ម និងលោក ហេង សុខជាតិ អគ្គលេខាធិការតំណាងសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានជូនដំណើរក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ និងក្រុមកីឡាករ-កីឡាការិនី លើកទម្ងន់កម្ពុជាដែលធ្វើដំណើរចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក ផាត បញ្ញាសុជាតក៌ បានមានប្រសាសន៍ថា នាថ្ងៃទី២៣ តុលានេះ គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ និងក្រុមកីឡាករ-កីឡាការិនីលើកទម្ងន់កម្ពុជាដោយមានចំនួន១១នាក់ ក្នុងនោះបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៥ នាក់ និងគ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីលើកទម្ងន់ ចំនួន ៦ នាក់ ។

លោក ហេង សុខជាតិ អគ្គលេខាធិការ បាននិយាយថា ក្រុមកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៥ នាក់ រួមមានគ្រូបង្វឹក ១ នាក់ កីឡាករ ២នាក់ និងកីឡាការិនី ២ នាក់។
តាំងនាមលេខាធិការដ្ឋានសហព័ន្ធ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានសហព័ន្ធ ដែលបានជួយឧបត្ថម្ភសម្ភារមួយចំនួន ចូលរួម ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេមលើកទី៣ នៅប្រទេសបារ៉ែន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និងប្រាក់ហោប៉ៅ ដល់គ្រូបង្វឹក០១នាក់ កីឡាយុវការិនី០២នាក់ និងកីឡាយុវជន០២នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់១០០ដុល្លារ ។

គ្រូជំនួយ និងកីឡាករ-កីឡាការិនីលើកទម្ងន់ ៦ នាក់មុនចេញដំណើរចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី លើកទី៣ (3rd Asian Youth Games 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ។ ប្រធានសហព័ន្ធ ក៏បានផ្តល់ថវិកាលើកទឹកចិត្តមួយចំនួន ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៤០ ម៉ឺនរៀល និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឧបត្ថម្ភដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦នាក់ ក្នុងម្នាក់ៗទទួលបាន ១០ ម៉ឺនរៀល ។
