កីឡា

កីឡាការិនី Angelina Melnikova ឈ្នះមេដាយមាស លើកដំបូង ក្នុងការប្រកួតជើងឯកពិភពលោក កាយសម្ព័ន្ធឆ្នាំ ២០២៥

ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាការិនីជនជាតិរុស្ស៊ី Angelina Melnikova ដណ្តើមបានមេដាយមាសពិភពលោក លើកដំបូងរបស់នាង ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក កាយសម្ព័ន្ធឆ្នាំ ២០២៥ “2025 Artistic Gymnastics World Championships” នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

ការប្រកួតនេះក្រោមទង់ជាតិ អូឡាំពិកពិភពលោក កីឡាការិនីកាយសម្ព័ន្ធអាយុ ២៥ ឆ្នាំរូបនេះ ទទួលបានពិន្ទុសរុប ១៤,៤៦៦ ដោយឈ្នះលើកីឡាការិនី ជនជាតិកាណាដា Leah Monica Fontaine រកបាន ១៤,០៣៣ ពិន្ទុទទួលបានមេដាយប្រាក់ និងកីឡាការិនីអាមេរិក Jocelyn Roberson ទទួលបានមេដាយសំរិទ្ធ ១៣,៩៨៣ ពិន្ទុ។

ព្រឹត្តិការណ៍លោតនេះគឺជាមេដាយមាសទី ២ របស់កីឡាការិនី Melnikova បន្ទាប់ពីជ័យជម្នះរបស់នាងនៅថ្ងៃពុធ។ ក្នុងព្រឹត្តិការណ៍នោះ នាងបានប្រមូលបាន ៥៥,០៦៦ ពិន្ទុលើឧបករណ៍ចំនួន ៤  ដោយយកឈ្នះលើគូប្រជែងអាមេរិក Leanne Wong (៥៤,៩៦៦) និង Zhang Qingying (៥៤,៦៣៣) របស់ប្រទេសចិន។

បន្ទាប់ពីជ័យជម្នះគ្រប់បែបយ៉ាងរបស់នាង Melnikova បានប្រាប់អ្នកយកព័ត៌មានថា នាងមិនរំពឹងថានឹងឈ្នះ ដោយសារតែការដួលលើធ្នឹមលំនឹងនោះទេ ដោយបន្ថែមថា មេដាយនេះ ជារបស់គ្រូបង្វឹក និងបុគ្គលិកពេទ្យ ១០០ ភាគរយ ។ កីឡាការិនីកាយសម្ព័ន្ធរូបនេះ ក៏បាននិយាយអំពីរបួស ដែលកំពុងបន្តកើតមានចំពោះស្មា និងជើងរបស់នាង ប៉ុន្តែបាននិយាយថា នាង កំពុងព្យាយាមរក្សាភាព ជាអ្នកហាត់កាយសម្ព័ន្ធដ៏ល្អម្នាក់ ៕

Most Popular

To Top