ភ្នំពេញ៖ការប្រកួតកីឡាទីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ថ្ងៃទី២៤ ដល់ ២៦ ខែតុលា ឆ្នាំ២០២៥ ពហុកីឡដ្ឋានជាតិ មរតកតេជោបានបញ្ចប់ដោយជោគជ័យ ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ដោយមានការអញ្ជើញចូលរួមដោយលោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធតំណាងលោក ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានប្រាប់ឲ្យដឹងថា ក្រោមគម្រោងថវិកាទ្រទ្រង់ប្រចាំឆ្នាំ២០២៥ របស់ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ចាប់ពីថ្ងៃទី ២៤-២៦ ខ តុលា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ ការប្រកួតឆ្នាំនេះមានក្លិបចូលរួមចំនួន ៧ រួមមាន ក្រុមប្រឹក្សាកីឡា ខភម ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អង្កការមិត្តសំឡាញ់ ក្លឹប SUSU ក្លឹប វីហ្គែតហ្វីត ក្លឹបកំពង់ឆ្នាំង និង មហាជន។
លោកអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបន្តថា សហព័ន្ធបានដាក់ វិញ្ញាសាប្រកួតមានចំនួន ៨ដូចជាវិញ្ញាសាអាគ័តឆ្លូង ” Aquathlon ” បុរស-នារី (ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២,៥ គ.ម) វិញ្ញាសាឌូអាត្លុង ” Duathlon ” បុរស-នារី (រត់ប្រណាំង ២ គ.ម + ប្រណាំងក់ង ៨គ.ម + រត់ប្រណាំង ១ គ.ម ) វិញ្ញាសាទ្រីយ៉ាត្លុង ” Triathlon ” បុរស-នារី (ហែលទឹក៣០០ ម៉ែត្រ + ប្រណាំងកង់ ៨គ.ម + រត់ប្រណាំង ២គ.ម ) វិញ្ញាសាអាគ័តផ្លុង ” Aquathlon ” បុរស-នារី U14 (ហែលទឹក ១០០ ម៉ែត្រ +រត់ប្រណាំង ២ គ.ម )។
ដោយអនុឡោមទៅតាមបទដ្ឋានបច្ចេកទេសរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោក World Triathlon បង្កើតឲ្យមានវិញ្ញាសា Triathlon Indoor ហេតុដូច្នេះ ទើបយើងដាក់ឲ្យមានការប្រកួតវិញ្ញាសា Triathlon Indoor ជាលើកដំបូងនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងរយៈចម្ងាយផ្ដោតទៅ តាមការប្រកួតកីឡា SEA Games ផងដែរ។ គណៈកម្មការរៀបចំការប្រកួតនឹងប្រកាសលទ្ធផលនៃការប្រកួតនូវអត្តពលិកដែលទទួលជ័យជំនៈ ចំនួន២៤នាក់ ស្នើនឹង ៨ វិញ្ញាសា ដោយគិតចាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ ៣ ដោយមិនមាន ចំណាត់ថ្នាក់ស្ទួន ។
លោក ងិន សុខបញ្ញា បានបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សូមគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានជួយគាំទ្រទាំងផ្នែក ស្មារតី បច្ចេកទេស និងហិញ្ញវត្ថុ មកដល់សហព័ន្ធកីឡាជាតិក៏ដូចជាក្រុមជម្រើសជាតិ សូមថ្លែងអំណរ គុណជូនដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ ទោះតិចឬ ច្រើនក្តី ពហុកីឡដ្ឋានជាតិមរតកតេជោ បានជួយនិងសហការលើការផ្តល់ទីតាំងប្រកួត គណៈកម្មការរៀបចំការប្រកួត ប្អូនៗយុវជនស្ម័គ្រចិត្ត និងឲ្យដំណើរការប្រកួតបានប្រព្រឹត្តទៅកីឡាករ-ការិនី ទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកួតដោយរលូន និងទទួលជោគជ័យ៕
ដោយ៖លី ភីលីព
