ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រុមកីឡាការិនីគុនដាវ ដែលដណ្តើមបាមមេដាយសំរិទ្ធិ ១គ្រឿង ក្នុងការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ី ក្រោមអាយុ ២៣ ឆ្នាំ នៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោមដឹកនាំដោយ លោក សុខ អាង ជាគ្រូបង្វឹក និងប្រតិភូរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា ។

លោក សុខ អាង ជាគ្រូបង្វឹក បានប្រាប់តាមអនឡាញថា ក្រុមកីឡាគុនដាវវិញ្ញាសានារីដាវកាប់កម្ពុជាមានការភ្ញាក់ផ្អើល និងនិយាយមិនចេញ ក្រោមពីទទួលបានមេដាយសំរិទ្ធ ១ គ្រឿងពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីក្រោមអាយុ ២៣ ឆ្នាំ នៅប្រទេសម៉ាឡេស៊ី។ កីឡាការិនី ប៉ែន ណារីតា និងសមាជិកក្រុម បងប្អូនត្រកូល ជ័រ (សិរីមរកត និង សិរីម៉ូនិត្តា) ទទួលបានមេដាយសំរិទ្ធមួយគ្រឿង ក្នុងការប្រកួតកីឡាគុនដាវ ជ្រើសរើសជើងឯកអាស៊ីក្រោម អាយុ២៣ឆ្នាំ ឆ្នាំ២០២៥ ។ នេះជាលើកទី១ ដែលកម្ពុជា ទទួលបាន ក្រោយពេលខកខាន មិនបានចូលរួមការប្រកួត អស់ជាច្រើនឆ្នាំ និងជាលើកដំបូង ដែលយើងទទួលបានមេដាយក្នុងកម្រិតអាស៊ី ក្រោមបទបញ្ជា នៃការប្រកួតផ្លូវការរបស់សហព័ន្ធកីឡាគុនដាវអន្ដរជាតិ។

លោក គ្រូបង្វឹក បានបន្តថា ជាការពិតណាស់ ការប្រកួតដែលកំណត់ដោយបទបញ្ជារបស់សហព័ន្ធអន្ដរជាតិ គឺមានភាពតឹងរឹង ទាំងការប្រកួត លក្ខខណ្ឌ និងសម្ភារៈ ហើយមានបណ្ដាលប្រទេសខ្លាំងៗ កម្រិតអូឡាំពិកមកចូលរួមផងដែរ។ ជាក់ស្ដែង ក្រុមហុងកុង ដែលទើបទទួលបានមេដាយមាស អូឡាំពិកបារីស ២០២៤កន្លងទៅនេះ។ ហើយជាលទ្ធផល ក្រុមនារីហុងកុង ទទួលបានមេដាយមាស ក្រុមនារីហ្គាហ្សាស្ថាន ទទួលបានមេដាយប្រាក់ និងក្រុមនារីកម្ពុជា រួមជាមួយក្រុមនារីហ្វីលីពីន ទទួលបានមេដាយសំរិទ្ធ ។

កីឡាការិនី សិរីម៉ូនិត្តា បាននិយាយថា ខ្ញុំរៀនពីការប្រកួតនេះ ដែលដំបូង ខ្ញុំគិតថា វាជាបទពិសោធន៍ថ្មី និងត្រៀមធ្វើការហ្វឹកហាត់បន្ថែម សម្រាប់ការប្រកួតបន្ទាប់ ប៉ុន្ដែវាលើសពីការគិតរបស់ខ្ញុំ គឺបានមេដាយសំរិទ្ធិមួយនេះ ។ ចំណែកកីឡាការិនី សិរិមរកត បន្ថែមពីលើថា គាត់នឹកស្មានមិនដល់ថាអាចធ្វើបានដល់ចំណុចនេះ។ ព្រោះវាជាលើកទី១ សម្រាប់គាត់ក្នុងការចូលរួមប្រកួត និងជាពិសេសក្នុងកម្រិតអាស៊ីនេះផងដែរ។ វាជាចំណុចចាប់ផ្ដើម ដ៏ល្អ ហើយការជម្រុញទឹកចិត្តឱ្យខ្ញុំបន្ដការហ្វឹកហាត់ឱ្យកាន់តែខ្លាំងជាងនេះ សម្រាប់ការប្រកួតកម្រិតខ្ពស់ៗនាពេលខាងមុខ។
ណារីតា អ្វីដែលគាត់រំពឹងទុកថា លេខរៀងទី១៧ ក្នុងវិញ្ញាឯកត្តជន គឺគ្រប់គ្រាន់ហើយ តែក្រោយពេលដឹងថា បានមេដាយសំរិទ្ធិមួយគ្រឿងទៀត ក្នុងវិញ្ញាសាក្រុម វាកាន់តែធ្វើឱ្យខ្ញុំកាន់តែមានសម្ពាធន៍ជាខ្លាំង ។ “អារម្មណ៍នៅពេលនេះ វាហួសពីការស្មាន។ វាសប្បាយចិត្តផង និងបារម្ភផង ព្រោះខ្លាចលើកក្រោយធ្វើមិនបានល្អ” ណារីតាបន្ថែម។

ការប្រកួតកម្រិតអន្ដរជាតិសម្រាប់វិញ្ញាសាដាវកាប់ ត្រូវបានបញ្ចប់នៅក្នុងឆ្នាំនេះ ប៉ុន្ដែក្រុមគុនដាវយើង ក៏បន្ដការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតជាច្រើន ក្នុងរដូវកាល២០២៥ – ២០២៦ ។ ជាថ្មីម្ដងទៀត ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍ Air Asia និងរោងភាពយន្ដ Legend ទើបក្រុមកីឡាគុនដាវ យើងអាចធ្វើដំណើរទៅចូលរួមប្រកួត និងទទួលបានជោគជ័យមកជូនជាតិ៕

