កីឡា

លោក Infantino ប្រធាន FIFA ប្រកាសពីការប្រកួត ASEAN Cup ថ្មីសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍

កូឡាឡាំពួរ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Gianni Infantino ប្រធានសហព័ន្ធកីឡា បាល់ទាត់ពិភពលោក “FIFA” បានបង្ហាញការប្រកួតបាល់ទាត់ថ្មី​ សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យនៅកិច្ចប្រជុំកំពូល សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី។

ប៉ុន្តែលោក Infantino បាននិយាយថា អាស៊ីអាគ្នេយ៍បានរៀបចំការប្រកួត ASEAN Championship ជាការប្រកួតក្នុងតំបន់ពីរឆ្នាំម្តងរួចហើយ ដោយវៀតណាមបានឈ្នះការប្រកួតចុងក្រោយបំផុត កាលខែមករា។ ការប្រកួតថ្មីនឹងត្រូវធ្វើឡើងក្នុងអំឡុងពេលការប្រកួតអន្តរជាតិរបស់ FIFA ដែលធ្វើឲ្យកីឡាករមកពីលីគជុំវិញពិភពលោក ចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេ។

លោក Infantino បានបញ្ជាក់ថា តាមរយៈ FIFA ASEAN Cup យើងកំពុងបង្រួបបង្រួមប្រទេសនានា ហើយការប្រកួតនេះនឹងក្លាយជាជោគជ័យដ៏ធំមួយ។ វានឹងជួយជំរុញបាល់ទាត់ក្រុមជម្រើសជាតិក្នុងតំបន់អាស៊ាន និងនឹងគាំទ្រដល់ការអភិវឌ្ឍកីឡារបស់យើងនៅទូទាំងអាស៊ីអាគ្នេយ៍។

លោក Infantino បានធ្វើសេចក្តីប្រកាសនេះប៉ុន្មានម៉ោងបន្ទាប់ពីទីម័រខាងកើត ត្រូវបានទទួលយកជាផ្លូវការជាសមាជិកទី 11 របស់អាស៊ាន។ លោក Infantino បានបន្ថែមថា លេខ ១១ គឺជាលេខនិមិត្តរូបក្នុងពិភពបាល់ទាត់ ដោយសារក្រុមនីមួយៗមានកីឡាករ ១១ នាក់។

ឥណ្ឌូនេស៊ីជាក្រុមតែមួយគត់មកពីប្រទេសជាសមាជិកអាស៊ានបានឡើងទៅវគ្គជម្រុះជុំទី៣នៃទ្វីបសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦។

FIFA បាននិយាយថា  ការប្រកួតបាល់ទាត់អាស៊ីអាគ្នេយ៍ថ្មីនេះ ត្រូវបានគេរំពឹងថានឹងត្រូវបានរៀបចំឡើងក្នុងទម្រង់ស្រដៀងគ្នាទៅនឹងពានរង្វាន់អារ៉ាប់។ ខ្លួននឹងចូលរួមជាមួយភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធបាល់ទាត់អាស៊ី មុនពេលបញ្ចប់ព័ត៌មានលម្អិត៕

Most Popular

To Top