ក្រុងតាខ្មៅ៖ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡាតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូទទួលស្វាគមន៍គណៈប្រតិភូកីឡាកម្ពុជាចំនួន ៣ ប្រភេទដែលបានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ីហ្គេម “ASIAN YOUTH GAMES 2025” លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

សម្រាប់កីឡាទាំង ៣ ប្រភេទរួមមានកីឡា តេក្វាន់ដូWT កីឡាគុនខ្មែរ និងកីឡាអត្តពលកម្ម ចំណែកបាល់បោះ៣x៣ នឹងត្រឡប់មកកម្ពុជានាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ខណៈកីឡាហែលទឹក កីឡាវាយសី កីឡាយូដូ កីឡាជីជីតស៊ូ កីឡា វាយកូនឃ្លីលើតុ កីឡាចំបាប់ និងកីឡាលើកទម្ងន់មកកម្ពុជាតាមកម្មវិធី។

ប្រភេទកីឡាគុនខ្មែរដណ្តើបានមេដាយចំនួន ៣ គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងនៃការប្រកួតប្រភេទកីឡាមួយ (Muay) រួមមានកីឡាការិនីគុនខ្មែរ អ៊ឹម ស្រីពេញ ទទួលបានមេដាយប្រាក់ ១ គ្រឿង កីឡាករគុនខ្មែរ ឆុង វិសាលទទួលបានមេដាយប្រាក់ ១ គ្រឿង និងកីឡាករគុនខ្មែរ ធន ចន្ធូ ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។


កម្ពុជាបានបញ្ជូនក្រុមកីឡា ១៣ប្រភេទកីឡាចូលរួមប្រកួតរួមមាន កីឡាហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣x៣ យូដូ ជីជីតស៊ូ គុនចម្រុះ វាយកូនឃ្លីលើតុ តេក្វាន់ដូWT ចំបាប់ លើកទម្ងន់ បាល់ទាត់លើតុ គុនខ្មែរ សិក្ខាកាមចំនួន១២៨នាក់ គឺផ្ដោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ- កីឡាការិនី ក្រុមកីឡាជម្រើសជាតិថ្នាលចូលរួម ប្រកួតកីឡាយុវជនអាស៊ីលើកទី៣ ឆ្នាំ២០២៥ នៅបារ៉ែន ៕
ដោយ៖ លី ភីលីព
