ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការរិះគន់ជុំវិញការសម្រេចចិត្តបណ្តេញគ្រូបង្វឹក លោក Masatada Ishii សមាជិកគណៈកម្មាធិការបច្ចេកទេសនៃសមាគមបាល់ទាត់ថៃ (FAT) លោក Piyapong Pue-on បានសន្យាថានឹងលាលែងពីតំណែង ប្រសិនបើក្រុមជម្រើសជាតិថៃមិនអាចឡើងលេងព្រឹត្តិការណ៍ Asian Cup 2027 ។
លោក Pue-on រួមជាមួយអនុប្រធានគណៈកម្មាធិការបច្ចេកទេស លោក Chanwit Pholchiwin និងអគ្គលេខាធិការ លោក Ekapol Pholnawi ត្រូវបានគេនិយាយថា មានមតិសម្រេចលើការបណ្តេញលោក Ishii ចេញភ្លាមៗនៅថ្ងៃទី២១ ខែតុលា ដែលនាំឲ្យមានការតែងតាំងនាយកបច្ចេកទេស និងគ្រូបង្វឹកជនជាតិអង់គ្លេស លោក Anthony Hudson។
ទោះជាយ៉ាងណាក៏ដោយ លោក Pue-on ជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់ក្នុងប្រទេសថៃ បានអះអាងថា គណៈកម្មាធិការបច្ចេកទេសគ្រាន់តែផ្តល់ព័ត៌មានប៉ុណ្ណោះ ហើយការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិ FAT។ លោកបានអះអាងថា ការសម្រេចចិត្តនេះគឺផ្អែកលើការវាយតម្លៃរយៈពេលវែង ប៉ុន្តែបានទទួលស្គាល់ថា ពេលវេលាអាចមិនសមរម្យមុនពេលការប្រកួតជម្រុះ Asian Cup 2027 ដ៏សំខាន់២។
អតីតកីឡាករជម្រើសជាតិថៃវ័យ ៦៥ ឆ្នាំរូបនេះបានអះអាងថា ការផ្លាស់ប្តូរគ្រូបង្វឹកគឺជារឿងធម្មតានៅក្នុងវិស័យបាល់ទាត់។ អ្វីដែលមិនធម្មតានោះគឺការសង្ស័យរបស់អ្នកគាំទ្រចំពោះការផ្លាស់ប្តូរនេះ។ លោក Pue-on បានបន្ថែមថា ខ្ញុំនិយាយក្នុងនាមជាអតីតកីឡាករជម្រើសជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាល FAT។ ប្រសិនបើថៃមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ពានរង្វាន់ Asian Cup ទេ ខ្ញុំនឹងលាលែងពីតំណែង៕
