ភ្នំពេញ ៖នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៦ នាក់របស់កម្ពុជាបានចូលរួមពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡារាំ DSA ASIAN SOLO Single Dance Championship និង DSA ASIAN Single Dance Championship នៅទីក្រុងហុងកុង ប្រទេសចិនជាផ្លូវការ ដោយការប្រកួតនេះនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្ធកីឡារាំកម្ពុជាតំណាងឲ្យលោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡារាំកម្ពុជបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ០៦ នាក់ ចូលរួមការប្រកួត DSA ASIAN SOLO Single Dance Championship និង DSA ASIAN Single Dance Championship ដែលនឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងគុណផលកីឡា ត្រៀមចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

លោកស្រីអគ្គលេខាធិការបានបន្តថា គ្រូបង្វឹក កីឡាករ និងកីឡាការិនីចំនួន ០៦ នាក់រួមមានលោក ស៊ូវ តុង នាយកបច្ចេកទេស និងជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ជាគ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាករ ឱ មេត្តា កីឡាករជម្រើសជាតិ កីឡាករ ឡុង ចំណូល កីឡាករជម្រើសជាតិ កីឡាការិនី ណាប់ ម៉ូល្លិកាទេពី កីឡាការិនីជម្រើសជាតិ និងកីឡាការិនី ណាប់ ម៉ូល្លិកាទេពីន កីឡាការិនីជម្រើសជាតិ។

លោកស្រីអគ្គលេខាធិការ បានបន្ថែមថា ការចូលរួមការប្រកួតកម្រិតអន្តរជាតិខាងលើកនេះ សម្រាប់សហព័ន្ធកំពុងខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច របស់ខ្លួន យ៉ាងសកម្ម ដើម្បីគោលដៅពង្រឹងពង្រីកនិងអភិវឌ្ឍវិស័យកីឡា រាំកម្ពុជា ឲ្យកាន់តែផុសផុល និងរឹងមាំក្នុងគុណភាពបច្ចេកទេសឈានឆ្ពោះទៅរកមេដាយមាសជូនជាតិលើឆាកអន្តរជាតិ។

បន្ទាប់ពីលោកស្រីប្រធាន ញ៉ែម មរកត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីរហូតដល់ចូលរួមប្រកួតប្រជែង មេដាយបានជាបន្តបន្ទាប់លើឆាកអន្តរជាតិ ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលយើងទាំងអស់គ្នា បានប្រឹងប្រែងអភិវឌ្ឍវិស័យ កីឡារាំ ឲ្យទទួលបានការគាំទ្រ នាពេលនេះ យើងមិនមានធនធានច្រើនទេ ហើយក៏មិន មានប្រាក់ខែដែរ ប៉ុន្តែយើងទាំងអស់ស្ម័គ្រចិត្ត ធ្វើការដោយឆន្ទៈខ្ពស់ និងអស់ពីបេះដូង ហើយព្រមទាំងចំណាយ ធនធានផ្ទាល់ខ្លួន ដើម្បីជួយជ្រោមជ្រែងដល់ដំណើរ ការអភិវឌ្ឍបន្ថែមទៀត៕




ដោយ៖ លី ភីលីព
