រុស្ស៊ី ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា អមដំណើរដោយ លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា និងក្រុមការងារ បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីកីឡា នៃវេទិកាសន្ទនា កិច្ចសហប្រតិបត្តិការ អាស៊ីលើកទី១ ក្រោមប្រធានបទ “ផ្តើមពីប្រពៃណីឆ្ពោះទៅនវានុវត្តន៍ ៖ អនាគតកីឡា នៃប្រទេសសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី” នៅទីក្រុងសាម៉ារ៉ា ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា បានប្រាប់ពីរុស្ស៊ី ឲ្យដឹងថា លោក វ៉ាត់ ចំរើន បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំដោយរំលេចពីសារសំខាន់ នៃកីឡាប្រពៃណីក្នុងការ លើកកម្ពស់ អត្តសញ្ញាណជាតិ និងតំបន់ ហើយកីឡា ជាភាសាសកលដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងពិភពលោក។ វ៉ាត់ ចំរើន បានគូសបញ្ជាក់អំពីការលើកកម្ពស់ និងអភិរក្សកីឡាគុនល្បុក្កតោ រហូតបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ UNESCO តាមរយៈគោលការណ៍របស់របស់ក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ។

បន្ទាប់មក រាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបង្កើតក្រុមការងារថ្នាក់ជាតិសិក្សាស្រាវជ្រាវគម្ពីរកីឡាគុនប្រពៃណីខ្មែរបុរាណ និងបង្កើតការប្រកួតកីឡាគុនប្រពៃណីចម្រុះជើងឯកថ្នាក់ជាតិជារៀងរាល់ឆ្នាំ ដើម្បី ផ្សព្វផ្សាយ និងអភរក្សមរតកវប្បធម៌ប្រពៃណីជាតិ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ពីការគាំទ្រ ការដាក់ចេញសេចក្តីថ្លែងការណ៍ ទីក្រុងសាម៉ារ៉ា នៃកិច្ចប្រជុំរដ្ឋមន្ត្រីកីឡា នៃវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការ អាស៊ីលើកទី១ ផ្តោតលើការលើកកម្ពស់កាទូតកីឡា កីឡាប្រពៃណី ការរៀបចំព្រឹត្តិការណ៍កីឡាប្រពៃណីអាស៊ី ការគាំទ្រសុច្ចរិតភាពកីឡា យេនឌ័រក្នុងកីឡា និងកីឡាដើម្បីជនមានពិការភាពតាមរយៈការផ្សារភ្ជាប់ប្រពៃទៅ និងបច្ចេកវិទ្យា នវានុវត្តន៍ ឆ្ពោះទៅពង្រឹងអត្តសញ្ញាណកីឡាអាស៊ីដើម្បីសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសសមាជិក និងពិភពលោក។

រដ្ឋលេខាធិការក្រសួងអប់រំ បានរំលេចអំពីការដ្ឋានអាទិភាពនៃផែនការបង្ហាញផ្លូវ ASEAN Socio-Cultural Community ឆ្នាំ២០២៣-២០៤៥ និងសេចក្តីព្រៀងនៃផែនការការងារអាស៊ានស្តីពីកីឡា ឆ្នាំ២០២៦-២០៣០ ពាក់ព័ន្ធនឹងវិធានការយុទ្ធសាស្ត្រ និងទិសដៅអនុវត្តសកម្មភាពកីឡាប្រពៃណ ផ្សារភ្ជាប់បច្ចេកវិទ្យា ការអប់រំ និងនវានុវត្តន៍៕




