កីឡា

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២៥ នៅថ្ងៃដំបូង

ភ្នំពេញ ៖ ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ការប្រកួតនេះរៀបចំ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន នកីឡា ។

ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយ ៦ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងសមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ៤ គ្រឿង មេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ៣ គ្រឿង ។
ចំណែក សមាគមកីឡាហែលទឹក កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយ ១ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លឹបហែលទឹកក្រសួងព័ត៌មាន ដណ្តើមបានមេដាយមាស ១ គ្រឿង និងក្លឹបហែលទឹក ខេត្តបាត់ដំបង ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក បាននិយាយថា ការប្រកួតកីឡាហែលទឹក និងហែលទឹក ពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះមានសមគម-ក្លឹបហែលទឹក ១២ ស្ថាប័ន កើនឡើងជាងឆ្នាំ២០២៤ ចំនួន១ ស្ថាប័ន រួមមានក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លឹបហែលទឹកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លឹបហែលទឹកក្រសួងព័ត៌មាន សមាគមកីឡាហែលទឹកក្រសួងមហាផ្ទៃ សមាគមកីឡាហែលទឹកកងយោធពលខេមរភូមិន្ទ ក្លឹបហែលទឹកនាគរាជ ខេត្តកំពង់ចាម និងក្លឹបហែលទឹកព្រឹទ្ធាចារ្យ ហែម ថុន ។

ក្លឹបហែលទឹក ខេត្តបាត់ដំបង ក្លឹបហែលទឹកស្រុកកោះធំ ខេត្តកណ្តាល ក្លឹបហែលទឹកសេះសមុទ្រ ១ក្លឹបហែលទឹកមច្ឆានុប និងទីក្លឹបហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប មានកីឡាករ-កីឡាការិនីចូលរួមចំនួន ១០៤នាក់ ក្នុងនោះកីឡាករ ៥៥ នាក់ និងកីឡាការិនី ៤៣នាក់ និងគ្រូបង្វឹក គ្រូជំនួយចំនួន ២២នាក់ នឹងមានមន្រ្តីគណៈកម្មការបច្ចេកទេសចំនួន ៥៥នាក់ ចូលរួមដឹកនាំកាត់សេចក្តីក្នុងការប្រកួត ។

សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ ផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ។ ចំណែក សម្រាប់ប្រភេទកីឡា FIN Swimming កម្រិតអាយុ ដែលអាចចូលរួមប្រកួតបានរួមមានផ្នែកបុរស កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ៕
ដោយ៖លី ភីលីព

Most Popular

To Top