ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀមបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៨រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពពីលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នឹងចាត់បញ្ជូនក្រុមជម្រើសជាតិលើប្រភេទកីឡាហែលទឹកពាក់ជើងទាចំនួន ៨ រូប រួមមានគ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប និងកីឡាករ ៤រូប កីឡាការិនី ២រូប ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី។
លោកអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា បង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាកម្ពុជា ចំនួន ៨រូប ក្នុងនោះ លោក ហែមថុន ពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ លឹម សុខវឌ្ឍន៍នន្ទ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម នរវិទូ ។ ក្រុមអត្តពលិកទំាំងនេះបានធ្វើការហ្វឹកហាត់ជាប្រចាំនៅអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕
ដោយ៖ លី ភីលីព
