កីឡា

សហព័ន្ធកីឡាបាល់ឪបកម្ពុជា បើកការប្រកួតកីឡាបាល់ឪបមិត្តភាពត្រៀមការប្រកួតកីឡាបាល់ឪប ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នាចុងខែធ្នូ

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ឪបកម្ពុជានាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានរៀបចំការប្រកួតកីឡាបាល់ឪបមិត្តភាព និងការប្រកួតកម្តៅសាច់ដុំ នៅទីលានបាល់ទាត់វិទ្យាល័យ ជា ស៊ីម បឹងកេងកង ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឪបជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ នាចុងខែធ្នូ រៀបចំដោយសហព័ន្ធកីឡាបាល់ឪបកម្ពុជា ក្រោមការប្រើប្រាស់ ថវិកាគ្រាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ជួយពន្លឿនដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២៥ ។

លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឪបកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ សហព័ន្ធបានរៀបចំការប្រកួតកីឡាបាល់ឪបមិត្តភាព និងការប្រកួតកម្តៅសាច់ដុំដែលមកក្រុមកីឡាករ-កីឡាការិនីមកពីខេត្តបាត់ដំបង និងភ្នំពេញ ជាពិសេសមកពីអង្គការភាពញញឹកនៃកុមារ (PSE) មានទាំងឈុតតូច និងឈុតធំដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឪបជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៥ នាចុងខែធ្នូ។ ការប្រកួតមាន ៨ ក្រុមរួមមានក្រុមកីឡាករអាយុក្រោម ១៦ ឆ្នាំចំនួន ៣ ក្រុម ក្រុមកីឡាការិនី ៣ ក្រុម និងក្រុមកីឡាករឈុតធំ ២ ក្រុម ហើយការប្រកួតប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញតែម្តង។

ប្រធានសហព័ន្ធកីឡាបាល់ឪបកម្ពុជា បានបន្តថា ក្រោយពីសហព័ន្ធអាក់ខានការប្រកួតជាផ្លូវការរយៈពេល៣ ឆ្នាំ ទើបយើងរៀបចំការប្រកួតមិត្តភាព ដើម្បីសាកល្បងសមត្ថភាពទំាងបច្ចេកទេស និងទិចនិចមុនការប្រកួតកីឡាបាល់ឪបជ្រើសរើសជើងឯកថ្នាក់ជាតិ ពីព្រោះឆ្នាំនេះជាឆ្នាំពិសេសមួយដែលសហព័ន្ធបានបើកឆាកឡើងវិញក្នុងការត្រៀមខ្លួន ក៏ជាសារមួយសម្រាប់បណ្តាលសមាគម និងក្លិបកីឡាបាល់ឪបទូទាំងប្រទេសហ្វឹកហាត់បន្ថែមដល់ក្រុមកីឡាកររបស់គាត់ មុនចូលរួមការប្រកួតកីឡាបាល់ឪបជ្រើសរើសជើងឯកថ្នាក់ជាតិ។

លោក លន់ សាមឌី បានបន្ថែមថា កីឡាបាល់ឪបជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធបានអនុញ្ញាតឲ្យក្រុមកីឡាករ-កីឡាការិនីដែលមានអាយុក្រោម ១៦ ឆ្នាំឡើងទៅ និងការប្រកួតឈុតធំ។ លោកសូមអំពាវនាវដល់ក្រុមហ៊ុន អង្គការ និងសមាគម និងក្លិបកីឡាបាល់ឪបទូទាំងប្រទេសចូលរួមឧបត្ថម្ភ និងចុះឈ្មោះក្រុមចូលរួមការប្រកួតជើងឯកកុំបីខាន់ឡើយ៕

ដោយ៖ លី ភីលីព

Most Popular

To Top