កីឡា

សិក្ខាកាម ១២ \នាក់ចូលរួម វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ រយៈពេល ៣ ថ្ងៃនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោកគ្រូ CHOI YONGSOK តំណាងស្ថាប័ន KUKKIWON និងជាគ្រូឧទ្ទេស បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ នៅខេត្តបាត់ដំបង រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក គង់ សក្ខិដា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ឆ្នាំ២០២៥ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានសិក្ខាកាមមកពីបណ្តាក្លិបកីឡាតេក្វាន់ដូ WT តាមបណ្តាខេត្តសរុបចំនួន ១២នាក់ ក្នុងនោះមានស្រី ៧នាក់ដោយមកពីខេត្តបាត់ដំបង ៨ នាក់ មានស្រី ៥នាក់ និងខេត្តសៀមរាប ៤ នាក់ មានស្រី ៣នាក់។

វគ្គបណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់មូលដ្ឋានប្រចាំឆ្នាំ២០២៥ នេះ សិក្ខាកាម ជាសិស្សគុនតេក្វាន់ដូ WT មានអាយុចាប់ពី ១៨ឆ្នាំឡើង(យកឆ្នាំ២០២៥ ជាគោល) ត្រូវមានកម្រិតខ្សែក្រវាត់ខ្មៅដាន់ KUKKIWON ចាប់ពី ២ដាន់ឡើងក្នុងមួយក្លិប អាចបញ្ជូនសិក្ខាកាមចូលរួមបានចំនួន ០១នាក់ ករណីចំនួនលើសពី ២០នាក់ ផ្តល់អទិភាពសម្រាប់សិក្ខាកាម ជាស្ត្រី ។វគ្គនេះផ្តោតសំខាន់ ទៅលើគ្រូបង្វឹក កីឡាតេក្វាន់ដូ WT ក្នុងការពង្រឹងសមត្ថភាព គ្រូបង្វឹកឲ្យកាន់តែច្បាស់ នូវការហ្វឹកហាត់សិស្សតាមក្លិបនៅ តាមបណ្តាលខេត្តនានា ក្នុងប្រទេសកកម្ពុជា ។

លោក គង់ សក្ខិដា បន្ថែមទៀតថា វគ្គនេះ ជួយពន្លឿន ដល់ការអភិវឌ្ឍន៍ របស់ខេមរសហព័ន្ធ តេក្វាន់ដូ បានទាន់ ពេលវេលា និងសម្រាប់ជាឱកាស ដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលបាន នូវបទពិសោធន៍ជាច្រើនទៀត ពីគ្រូបង្គោល ជាគ្រូបង្វឹក អន្តរជាតិត្រៀមខ្លួន ក្លាយជាគ្រូបង្វឹកថ្នាក់ជាតិបន្តវេនជំនាន់ក្រោយៗ។ ហើយក៏ជាក្តីសង្ឃឹម សម្រាប់ខេមរសហព័ន្ធតេក្វាន់ដូ នៃការផ្សព្វផ្សាយ ប្រភេទកីឡាតេក្វាន់ដូWT ឲ្យបានទូលំទូលាយ ក្នុងក្របខណ្ឌទូទាំងប្រទេស នាពេលអនាគត ហើយក៏ត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិនានា។

ការរៀបចំវគ្គ បណ្តុះបណ្តាល គ្រូបង្វឹកតេក្វាន់ដូ ថ្នាក់ជាតិនាពេលនេះ គោលដៅចង់ឲ្យ សិក្ខាកាម យកទៅបង្ហាត់ នៅ តាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀម ចូលរួមកម្មវិធីប្រកួតកីឡា តេក្វាន់ដូWT នានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។ វគ្គនេះរក្សាបាននូវសុវត្ថិភាព-សុខភាពដល់សិក្ខាកាម និងអ្នកចូលរួម ទាំងអស់ ព្រមទាំងធ្វើឲ្យសិក្ខាកាមទាំងអស់ បានចំណាយពេល វេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង អំពីជំនាញគ្រូបង្វឹក កីឡាតេក្វាន់ដូWT នាពេលនេះ ៕

ដោយ៖លី ភីលីព

Most Popular

To Top