កីឡា

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសបិទប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ ទេព ឃុនណា សប្តាហ៍ទី១ នៅពហុកីឡដ្ឋានមរតកតេជោ

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាប្រកាសបិទការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេពឃុនណា (30th Annual Tep Kunnah Memorial Cup 2025) លើកទី៣០ សប្តាហ៍ទី១ ចាប់ផ្តើមពីថ្ងៃទី១០ ដល់១៥ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដើម្បីរម្លឹកខួបអតីតកីឡាករជើងខ្លាំងរបស់កម្ពុជា លោក ទេព ឃុនណា។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ទេព ឃុនណា លើកទី៣០ បានបិទព្រឹត្តិការណ៍នេះនៅសប្តាហ៍ទី១ ដែលបានប្រព្រឹត្តចាប់ផ្តើមពីថ្ងៃទី១០ ដល់ ១៥ ខែវិច្ឆិកា ហើយសប្តាហ៍ទី២ ចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកបន្ថែមថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចំនួន ៥២ នាក់មកពី ២១ ប្រទេស ដែលមានកម្រិតបច្ចេកទេសខ្ពស់ៗ ដោយផ្តោតសំខាន់លើអត្តពលិកវ័យក្មេង ខណៈម្ចាស់ផ្ទះកម្ពុជាមានសមាសភាពកីឡាករ៣នាក់បានចូលរួមប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ ដើម្បីដកពិសោធន៍ និងបង្កើនគុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ឲ្យដឹងទៀតថា កីឡាករ-កីឡាការិនីវាយកូនបាល់មកពី ២១ប្រទេស មានដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី ចិន កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ឥណ្ឌា វៀតណាម ជប៉ុន អង់គ្លេស ន័រវែស ព្រុយណេ រុស្ស៊ី ស្រីលង្កា អូស្ត្រាលី នូវែលសេឡង់ អូទ្រីស បង់ក្លាដែស និងបារាំងជាដើម។

ការប្រកួតនេះធ្វើឡើង ដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជាមួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ លោក ទេព ឃុនណា គឺជាអតីតកីឡាករវាយកូនបាល់ឆ្នើមរបស់កម្ពុជា ដែលបានទទួលមរណៈភាពជាង ២០ឆ្នាំកន្លងទៅ៕

Most Popular

To Top