ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក យាន គីសីវុត្ថា ប្រធាន មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងលោក យិត ភីរៈ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ នៅលានវាយសីក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្លិបវាយសីក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប ៥ គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ១គ្រឿងឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្លិបចូលរួមទាំង១៨ ចំណែក ក្លិបវាយសីយុវជននគរបាលជាតិ ដណ្ដើមបានមេដាយសរុបចំនួន ៣គ្រឿង រួមមានមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ២។ សមាគមកីឡាវាយសីក្រសួងមហាផ្ទៃ បានបញ្ចូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ សរុបចំនួន ៣៧រូប ដោយបែងចែកចេញជា២ក្លិបផងដែរ។

ក្លិបកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ២ គ្រឿង ក្លិបកីឡាវាយសី យុវជនក្រុងតាខ្មៅ មេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្លិបកីឡាវាយសីផាម ក្រុងប៉ោយប៉ែត ទទួលបានមេដាយមាស ១ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ១ គ្រឿង។

ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកឆ្នាំនេះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីចំនួន ២៥០ នាក់ ក្នុងនោះប្រតិភូចំនួន ១៧ នាក់ គ្រូបង្វឹកចំនួន ២៤ នាក់ កីឡាករ-កីឡាការិនីចំនួន ២៥០ នាក់ ចំណែកកីឡាករ ១៦៣ នាក់ និងកីឡាការិនី ៤៦ នាក់មកពីក្លិបចំនួន ១៨ រួមមាន ក្លិបកីឡាវាយសី ក្រសួងការពារជាតិ ក្លិបកីឡាវាយសី ព្រះឈូក ខេត្តកំពត សម្ព័ន្ធកីឡាវាយសី ខេត្តសៀមរាប ក្លិបកីឡាវាយសី ST 60 ក្លិបកីឡាវាយសី កំពត ក្លិបកីឡាវាយសី ខេត្តស្ទឹងត្រែង ក្លិបកីឡាវាយសី ព្រះខ័នរាជ និងក្លិបកីឡាវាយសី ខេត្តមណ្ឌលគិរី ។

ក្លិបកីឡាវាយសី យុវជនខេត្តកណ្តាល ក្លិបកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបកីឡាវាយសី យុវជន នគបាលជាតិ ក្លិបកីឡាវាយសី ក្រសួង មហាផ្ទៃ ក្លិបកីឡាវាយសី យុវជនក្រុងតាខ្មៅ ក្លិបកីឡាវាយសី 12 Play ក្លិបកីឡាវាយសីផាម ក្រុងប៉ោយប៉ែត ក្លិបកីឡាវាយសី សហព័ន្ធកីឡាវាយសីកម្ពុជា ក្លិបកីឡាវាយសី ភ្នំពេញ និងសម្ព័ន្ធកីឡាវាយសី ខេត្តកំពង់ឆ្នាំង។

ដោយ៖ លី ភីលីព
