កីឡា

លោក ដួង មាសចំរើន ចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តកាយសម្បទាប្រជាជន

ភ្នំពេញ៖ នាព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ដួង មាសចំរើន អគ្គនាយករង តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព និងធ្វើតេស្តកាយសម្បទាប្រជាជន ដោយមានការចូលរួមពីសំណាក់ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងសិក្ខាកាមទាំងអស់នៅសាលប្រជុំនាយកដ្ឋានកីឡាអប់រំកាយ និងកីឡាសិស្សនិសិ្សត។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន និងជាគណៈគ្រប់គ្រងវគ្គបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរៀបចំឡើងដើម្បីអភិវឌ្ឍធនធានមនុស្សផ្នែកគ្រូបង្គោលហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមមកពីបណ្តាមន្ទីរអប់រំរាជធានី ខេត្ត និងក្លឹបហាត់ប្រាណមហាជនសរុបចំនួន៣០នាក់ ក្នុងនោះស្រី៩នាក់។

លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាបានថ្លែងថា ការហាត់ប្រាណនិងកីឡាជាផ្នែកមួយមានសារៈសំខាន់សម្រាប់បុគ្គលគ្រប់រូបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះការហាត់ប្រាណ និងការលេងកីឡា បានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ចំពោះរាងកាយ ផ្លូវចិត្ត និងសង្គម។

លោកអគ្គនាយករងបន្តទៀតថា ការហាត់ប្រាណនិងលេងកីឡាដើម្បីសុខភាព ក៏ជាផ្នែកមួយមានសារៈសំខាន់ផងដែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ ជួយឱ្យប្រជាជនមានសុខភាពល្អ ទប់ស្កាត់ជម្ងឺមួយចំនួន ដូចជា ធាត់ សម្ពាធឈាមឡើងខ្ពស់ ខ្លាញ់រុំបេះដូង ភាពតាមតឹងក្នុងអារម្មណ៍ផងដែរ។

លោកអគ្គនាយករងបន្ថែមទៀតថា ការធ្វើតេស្តកាយសម្បទាប្រជាជនជាផ្នែកមួយមានសារៈសំខាន់ធ្វើឱ្យដឹងពីសមត្ថភាពផ្នែកផ្សេងៗនៃរាងកាយរបស់ប្រជាជនម្នាក់ៗ និងជាមូលដ្ឋានសម្រាប់ជ្រើសរើសសកម្មភាពហាត់ប្រាណឱ្យបានសមស្រប ដើម្បីអភិវឌ្ឍសមត្ថភាពរាងកាយឱ្យមានប្រសិទ្ធភាព និងមានការរីកចម្រើនកាន់តែប្រសើរឡើង៕

ដោយ៖លី ភីលីព

Most Popular

To Top