ភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិចំនួន២៨ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម។

កម្ពុជាបានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ដែលមានចំនួនកីឡាករ-កីឡាការិនីចំនួន ២០ នាក់។ ក្នុងឱកាសចេញដំណើរចូលរួមនៅអាកាសយានដ្នានអន្តរជាតិតេជោ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏បានជូនដំណើរគ្រូបង្វឹក កីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ផងដែរ។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាកំពុងមានការរីកចម្រើនកាន់តែខ្លាំងក្រោមដឹកនាំលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ដោយលោកបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំក្រុមកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡាដូចជាការប្រកួតយុវជនអាស៊ីនៅប្រទេសប៉ារែន ដូចថ្ងៃនេះកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) នៅប្រទេសប៊្រុយណេ ដារូសាឡឹម ជាដើម។

អគ្គលេខាធិការបានបន្តថា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ។ ក្នុងនាមសហព័ន្ធសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរជូនប្រទេសជាតិជាក់ជាមិនខាន់ឡើយ។




ដោយ៖លី ភីលីព
