ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ៨ នាក់របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាបានចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម ។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា កំពុងមានការរីកចម្រើន កាន់តែខ្លាំង ក្រោមដឹកនាំលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ដោយលោកបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនីយុវជន ថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡាដូចជាការប្រកួតយុវជន អាស៊ីនៅប្រទេសប៉ារែន ដណ្តើមេដាយសំរិទ្ធជូនកម្ពុជា ដូចថ្ងៃនេះកីឡាករ-កីឡាការិនី យុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) នៅប្រទេសប៊្រុយណេ ដារូសាឡឹម ជាដើម ។

ក្នុងឱកាសជូន ដំណើរនៅអាកាសយានដ្នាន អន្តរជាតិតេជោ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡា បញ្ចស៊ីឡាត់កម្ពុជា តំណាងលោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក៏បានជូនដំណើរគ្រូបង្វឹក កីឡាករ-កីឡាការិនី បញ្ចស៊ីឡាត់ផងដែរ ។

អគ្គលេខាធិការបានបន្តថា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ ។ ក្នុងនាមសហព័ន្ធសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរ ជូនប្រទេសជាតិជាក់ជាមិនខាន់ឡើយ ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ ថ្នាក់ដឹកនាំបុគ្គលិកអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រូបង្វឹក កីឡាករ-កីឡាការិនី សហព័ន្ធកីឡាជាតិចំនួន២៨ នាក់ធ្វើដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម។ កម្ពុជាបានបញ្ជូនកីឡា ៣ ប្រភេទរួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់ដែលមានចំនួនកីឡាករ-កីឡាការិនីចំនួន ២០ នាក់។
