កីឡា

FIFA កំណត់អត្តសញ្ញាណភ្នាក់ងារ២ នាក់ និងមន្ត្រី FAM ទៅនឹងរឿងអាស្រូវឯកសារ ក្លែងក្លាយរបស់ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា FIFA បានកំណត់អត្តសញ្ញាណភ្នាក់ងារ បាល់ទាត់២នាក់ និងមន្ត្រីជាន់ខ្ពស់ម្នាក់ មកពីសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ជាតួអង្គសំខាន់ៗក្នុងរឿងអាស្រូវដែលពាក់ព័ន្ធនឹង ការប្រើប្រាស់ឯកសារក្លែងក្លាយ សម្រាប់កីឡាករសញ្ជាតិចំនួន ៧ នាក់។

តាមរបាយការណ៍ចំនួន ៦៤ ទំព័រ បានចេញផ្សាយដោយគណៈកម្មាធិការ បណ្តឹងឧទ្ធរណ៍របស់ FIFA ស្ថាប័នគ្រប់គ្រងបាល់ ទាត់ពិភពលោក បានដាក់ឈ្មោះភ្នាក់ងារលោក Nicolas Puppo និង លោក Frederico Moraes ជាបុគ្គលដែលពាក់ព័ន្ធនឹងការរៀបចំឯកសារ សិទ្ធិទទួលបាន ក្រោយមកត្រូវបានបញ្ជាក់ថា ត្រូវបានក្លែងបន្លំ។

គណៈកម្មាធិការបាននិយាយថា ការដាក់ឈ្មោះភ្នាក់ងារមិនមែនជាការចោទប្រកាន់ជាផ្លូវការ អំពីការប្រព្រឹត្តខុសនោះទេ វាបានចេញអនុសាសន៍យ៉ាងម៉ឺងម៉ាត់សម្រាប់លេខាធិការដ្ឋាន FIFA ដើម្បីពង្រីកការស៊ើបអង្កេតរបស់ខ្លួន។

នេះបើយោងតាមរបាយការណ៍ របស់ New Straits Times បាននិយាយថា របាយការណ៍នេះក៏បានចង្អុលបង្ហាញ ពីអគ្គលេខាធិការ FAM ដែលត្រូវបានព្យួរការងារ Datuk Noor Azman Rahman។ FIFA បាននិយាយថាតួនាទី របស់លោក Puppo លោក Moraes និងលោក Noor Azman ទាំងអស់ តម្រូវឲ្យមានការត្រួតពិនិត្យកាន់តែស៊ីជម្រៅ ព្រោះពួកគេជាផ្នែកមួយនៃខ្សែសង្វាក់នៃព្រឹត្តិការណ៍ ដែលនាំឱ្យមានការបង្កើត ឯកសារសិទ្ធិទទួលបានក្លែងក្លាយ។

FIFA បានអះអាងថា ការពង្រីកការស៊ើប អង្កេតគឺមានសារសំខាន់ណាស់ ដើម្បីធានាថា អ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ និងទទួលខុសត្រូវ ក្រោមបទប្បញ្ញត្តិកីឡា៕

Most Popular

To Top