ភ្នំពេញ៖ លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តតំណាងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនាយប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមន៍ ការមកដល់របស់កីឡាករ ខន សឹង្ហា ម្ចាស់មេដាយសំរឹទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជើងឯកយុជនអាយុក្រោម ១៨ឆ្នាំ និង២០ ឆ្នាំ “Th SEA U18 & U20 Athletics Championships 2025” នៅប្រទេសឥណ្ឌូនេស៊ី នៅអាកាសយានដ្នានអន្តរជាតិតេជោ។

លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា រូបលោកពិតជាសប្បាយ ចិត្តខ្លាំងណាស់ បន្ទាប់ពីទទួលបានដំណឹងពីគ្រូបង្វឹកថា កីឡាករ ខន សឹង្ហា ដណ្តើមមេដាយសំរឹទ្ធ ១ គ្រឿងព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជើងឯកយុជនអាយុក្រោម ១៨ឆ្នាំ និង២០ ឆ្នាំ “Th SEA U18 & U20 Athletics Championships 2025” សម្រាប់ប្រភេទអត្តពលកម្មនាពេលនេះ។

លោកអគ្គលេខាធិការ បានបន្តថា អ្វីជាក្តីរំពឹង របស់សហព័ន្ធ គឺកីឡាករ កីឡាការិនីនឹងធ្វើបានល្អ ជាពិសេសអាចបំបែក គុណផលបច្ចេកទេសរបស់ពួកគាត់ ដែលប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ដូចជាកំណត់ត្រាប្រកួតស៊ីហ្គេម និងការប្រកួតកម្រិតអន្តរជាតិផ្សេងៗទៀត ។ យើងដឹងហើយថា នេះជាការប្រកួតកម្រិតយុវជនក៏មានការចូលរួម ពីអត្តពលិកខ្លាំងមកពីប្រទេសច្រើនដែរ ។
ពួកគេបានធ្វើការហ្វឹកហាត់ ក្នុងការត្រៀមចូលរួមប្រកួតកីឡានេះ គឺជាការវាស់ស្ទង់នូវកម្រិត បច្ចេកទេស បន្ថែមទៀត ហើយក៏នឹងធ្វើឲ្យកីឡាករ កីឡាការិនី អត្តពលកម្មកម្ពុជា កាន់តែមានបទពិសោធ ប្រកួតជាមួយអត្តពលិក កម្រិតអន្តរជាតិឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការត្រៀមខ្លួនការប្រកួតអត្តពលកម្ម ជើងឯកអន្តរជាតិនានា នាខាងមុខផងដែរ។
សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គ្រូបង្វឹក និងកីឡាករ ចំនួន ៣ នាក់ចូលរួមព្រឹត្តិការណ៍ការប្រកួត កីឡាអត្តពលកម្មជើង ឯកយុជនអាយុក្រោម ១៨ ឆ្នាំ និង២០ ឆ្នាំ “Th SEA U18 & U20 Athletics Championships 2025” រួមមាន លោក រ័ត្ន សុជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាករ ខន សង្ហា កីឡាករជម្រើសជាតិ និងកីឡាករ ស្រី ខាត់រាជមុនី កីឡាករសហព័ន្ធ៕
