ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា លោក ដែក ភារៈ អគ្គលេខាធិការរងតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉េតេកម្ពុជា លោក ម៉ៅ ម៉ុន ប្រធានគ្រប់គ្រងវគ្គ និងលោកព្រំ វណ្ណារឿន អនុប្រធានទីភ្ញាក់ងារកម្ពុជាប្រឆាំងដូប៉ាបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេ កម្រិតមធ្យម ថ្នាក់ជាតិ ឆ្នាំ២០២៥ ថ្ងៃទី ១៩ – ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំដោយសហព័ន្ធកីឡាការ៉ាតេ កម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំក្រសួងអប់រំ យុវជន និងកីឡា ។

លោក ដែក ភារៈ អគ្គលេខាធិការរង បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេកម្រិតមធ្យមថ្នាក់ជាតិឆ្នាំ២០ ២៥ មានសាលាគុន សមាគម ក្លឹប ចូលរួម ចំនួន២៨ ដែលមានសិក្ខាកាមចំនួន ៣០នាក់ ក្នុងនោះនារី ចំនួន ៥នាក់។ គ្រូឧទ្ទេសនាវគ្គបណ្តុះបណ្តាលនេះ ដោយលោក ព្រំ វណ្ណារឿន លោកសាស្រ្តាចារ្យ ដែក ភារៈ គ្រូដឹកនាំកីឡាការ៉ាតេអាស៊ី លោកសាស្រ្តាចារ្យ ហេង ផេង គ្រូដឹកនាំកីឡាការ៉ាតេអាស៊ី និងលោក ព្រឹទ្ធាចារ្យ យាន ងួនមានបទពិសោធន៍ក្នុងការបង្ហាត់កីឡាការ៉ាតេជាច្រើនឆ្នាំ ទាំងក្នុងប្រទេស និង អន្តរជាតិ។តាមការបណ្តុះបណ្តាលរយៈពេល០៥ថ្ងៃកន្លងមកនេះ បានទទួល លទ្ធផលរួមមាននិទ្ទេសល្អចំនួន ១៦នាក់ និទ្ទេសល្អបង្គួរចំនួន ៩នាក់ និងនិទ្ទេសមធ្យមចំនួន ៥នាក់។

អគ្គលេខាធិការរង បានបន្តថា ក្រោមការពន្យល់យ៉ាងក្បោះក្បាយ ច្បាស់លាស់របស់គ្រូឧទ្ទេស ជាសាស្រ្តាចារ្យ និងព្រឹទ្ធាចារ្យ ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ បានធ្វើឱ្យសិក្ខាកាមទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ និងឆាប់យល់នូវអ្វីដែលគ្រូពន្យល់។ សិក្ខាកាមមួយចំនួនមិនធ្លាប់បានរៀន វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេកន្លងមក មានការយល់ ដឹងតិចតួច ដែលត្រូវធ្វើការពន្យល់ជាច្រើនលើកច្រើនសារ។ ចំពោះលទ្ធផលដែលសម្រេចបានជោគជ័យខាងលើនេះ ដោយ មានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡា ការ៉ាតេកម្ពុជា ។

សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជួយឧបត្ថម្ភ គាំទ្រ ទំនុកបម្រុង ថែបំប៉ន ទាំងស្មារតី សម្ភារៈ ថវិកា ជំរុញឲ្យវិស័យកីឡាការ៉ាតេកម្ពុជា មានសន្ទុះអភិវឌ្ឍន៍ ឈានទៅមុខជាជំហានៗ លើការអភិវឌ្ឍន៍ធនធានមនុស្ស ទាំងបរិមាណ គុណភាព សមត្ថភាព និងគុណធម៌ ដែលជា កត្តាគន្លឹះ ជាត្រីវិស័យ សម្រាប់លើកស្ទួយសមត្ថភាពការងារជំនាញ និងមានស្មារតីទទួលខុសត្រូវនូវតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ។

លោក ប៉ែន វុទ្ធី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៥នេះធ្វើឡើងប្រកបដោយជោគជ័យ ក្នុងគោលបំណងលើកកម្ពស់ធនធានគ្រូកីឡាការ៉ាតេកម្ពុជាឲ្យមានសក្តានុពលដើម្បីឲ្យគ្រូៗកាន់តែយល់ច្បាស់អំពីរបៀបនៃដំណើរការបង្ហាត់ពង្រឹងនូវគុណភាពនៃការបង្ហាត់ ឲ្យកាន់តែល្អប្រសើរ និងការត្រៀមលក្ខណៈផ្សេងៗ ដែលធ្វើឲ្យអត្តពលិកហ្វឹកហាត់បានពូកែ ។ ម្យ៉ាងទៀតក៏ដូចជា ត្រៀមលក្ខណៈកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡាយុវជនអាស៊ី ដែលប្រទេសកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខផងដែរ។
វគ្គបណ្តុះបណ្តាលនាពេលនេះ ជាការឆ្លុះបញ្ចាំងនូវ សមត្ថភាព ចំណេះដឹង បទពិសោធន៍ បច្ចេកទេស និងទេពកោសល្យរបស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ អស់ពីមត្ថភាព របស់ខ្លួនក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ ក្នុងការរៀនសូត្រ ។ ប្រកបដោយជោគជ័យនាពេលនេះ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះ វិជ្ជាជីវៈជាគ្រូបង្ហាត់ ដោយប្រកាន់ខ្ជាប់នូវសច្ចៈ យុត្តិធម៌ ដើម្បីរក្សានូវ គុណតម្លៃនៃវិជ្ជាជីវៈរបស់ខ្លួន ។

លោកប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បានបញ្ជាក់ថា ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្តល់នូវទីតាំងសម្រាប់រៀនវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសកីឡាការ៉ាតេ ថ្នាក់ជាតិ ឆ្នាំ២០២៤ និង ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ឧបត្ថម្ភ គាំទ្រ ទាំងស្មារតី ថវិកា ឲ្យមានការរៀនវគ្គនេះឲ្យកើតឡើង ប្រកបដោយជោគជ័យនាថ្ងៃនេះ ដើម្បីអភិវឌ្ឍន៍វិស័យគ្រូបង្ហាត់កីឡាការ៉ាតេ ឲ្យកាន់តែមានគុណភាព និង បានល្អប្រសើរថែមទៀត សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា៕





