កីឡា

លោក ទេព រិទ្ធីវិទ្ធ ៖​ ការប្រកួតកីឡា វាយកូនបាល់ពានរង្វាន់ ទេព ឃុនណា លើកទី៣០ បានដំណើរការទៅដោយរលូន និងជោគជ័យ ខណៈការប្រកួតមាន ក្រុមអត្តពលិកមកពី ២១ ប្រទេស

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា វាយកូនបាល់ពានរង្វាន់ ទេព ឃុនណា លើកទី៣០ ប្រចាំឆ្នាំ២០២៥ សប្តាហ៍ទី២ រៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា បានរកឃើញម្ចាស់ជើងឯកហើយ បានទៅលើកីឡាករជនជាតិចិន ZICAN YANG បន្ទាប់ពីយកឈ្នះកីឡាករកូរ៉េ HA AN PARK ក្នុងលទ្ធផល ពិន្ទុ ៦ ទល់នឹង ១ និង ៦ទល់ នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ពានរង្វាន់ ទេព ឃុនណាលើកទី ៣០ ប្រចាំឆ្នាំ២០២៥ រយៈពេល២សប្តាហ៍នេះ គឺការរៀបចំបានដំណើរ ការទៅដោយរលូន និងជោគជ័យ ដោយទទួលបានប្រទេសចូលរួមសរុប២១ប្រទេស។ ហើយអ្វីដែលធ្វើឱ្យលោកសប្បាយចិត្តថែមទៀតនោះ គឺកីឡាករ ១ រូបក្នុងចំណោម៣រូបរបស់កម្ពុជាបានជាប់ ក្នុងតារាងចំណាត់របស់សហព័ន្ធកីឡា វាយកូនបាល់អន្តរជាតិ និងអាស៊ីដែលអាចចាត់ទុកបានថា កីឡាករវ័យក្មេងកម្ពុជា កំពុងបោះជំហានវិវឌ្ឍសមត្ថភាព ឆ្ពោះទៅរកភាពខ្លាំងបណ្តើរៗហើយ ។

លោក ទេព រិទ្ធីវិទ្ធ សង្ឈឹមជឿជាក់ថា ជាមួយគ្នានេះក្នុងនាមលោកជាស្ថាបនិករៀបចំការប្រកួតលោកក៏មានមោទនភាពដែរ ដែលព្រឹត្តិការណ៍ពានរង្វាន់ទេព ឃុនណា ជាការរំលឹកដឹងគុណចំពោះ ឪពុករបស់លោក បានវិឌ្ឍក្លាយទៅជាការប្រកួតកម្រិតអន្តរជាតិមានប្រទេសជាច្រើនមកចូលរួម។ការប្រកួតពានរង្វាន់ រំលឹកដឹងគុណ លោកទេព ឃុនណា អតីតកីឡាវាយកូនបាល់លេខ១របស់កម្ពុជា ក្លាយជាព្រឹត្តិការណ៍ធំ ដែលមានកីឡាករខ្លាំងមកចូលរួមកាន់តែច្រើន ។
ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា (30th Annual Tep Kunnah Memorial Cup 2025 គឺការប្រកួតមាន២សប្តាហ៍ចាប់ពីថ្ងៃ១៦-២២ខែ វិច្ឆិកា ដែលមានកីឡាករកីឡាការិនី ចូលរួមចំនួន២១ប្រទេស ដោយកម្ពុជាបានដាក់កីឡាកររបស់ខ្លួនចំនួន៣រូប ក្នុងនោះមានកីឡាករ១រូប ទទួលបានពិន្ទុបញ្ចូល ទៅក្នុងតារាង របស់សហព័ន្ធវាយកូនបាល់អន្តរជាតិ។

សូមរំលឹកថា ពានរង្វាន់ ទេព ឃុនណា បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកគុណលោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់កម្ពុជា មួយរូបក្នុងអំឡុងឆ្នាំ១៩៦០ និងជាឪពុកបង្កើតរបស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា៕

Most Popular

To Top