ប្រ៊ុយណេ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ២ នាក់បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” បន្ទាប់ពីយកឈ្នះលើកីឡាករហ្វីលីពីន និងកីឡាករវៀតណាមនៅវគ្គជម្រុះ ខណៈការប្រកួតអន្តរជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែលបានយកឈ្នះលើ កីឡាករ John Jems Jismundo របស់ហ្វីលីពីន បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងកីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ ឈ្នះកីឡាករវៀតណាមដោយពិន្ទុនៅវគ្គជម្រុះ ដូចនេះកីឡាករបញ្ចស៊ីឡាត់កម្ពុជា ២ នាក់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈរមេដាយសំរិទ្ធជាបណ្ដោះអាស័ន្ន។

សម្រាប់ការប្រកួតបើកឆាកដំបូងរបស់ក្រុមកីឡាកម្ពុជានាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ដើម្បីលើកទឹកចិត្តក្រុមកីឡាបញ្ចស៊ីឡាត់ ក្នុងនោះ ។

គ្រូបង្វឹក និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ៨ នាក់របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡាចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ (14th Asean School game 2025) រយៈពេល ១០ ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម៕


ដោយ៖ លី ភីលីព
