ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ និងមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មការអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ កីឡាការិនីទាំង៣៣៣នាក់។

លោក វ៉ាត់ ចំរើន បានប្រាប់ឲ្យដឹងថា ការចូលរួមប្រកួតកីឡា SEA Games លើកទី ៣៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងអនុញ្ញាតឲ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រៀបចំការប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនចាប់ពីខែមេសា ឆ្នាំ២០២៥ ទាំងកីឡាករថ្នាលវ័យក្មេងសម្រាប់ត្រៀមប្រកួតកីឡាយុវជនអាស៊ី និងកីឡាករពេញវ័យ សម្រាប់ត្រៀមប្រកួតកីឡា SEA Games លើកទី៣៣។

ក្រសួងក៏បានអនុញ្ញាតជាគោលការណ៍ឲ្យសហព័ន្ធកីឡាជាតិជាច្រើនចេញទៅហ្វឹកហាត់ និងប្រកួតជើងឯកពានរង្វាន់ផ្សេងៗនៅក្រៅប្រទេសជាច្រើន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ស្រូបយកបទពិសោធន៍ប្រកួតនិងវាស់ស្ទង់កម្រិតបច្ចេកទេសខ្លួនឯង ដែលជាយន្តការបង្កើនគុណផលកីឡាឱ្យមានសក្តានុពលក្នុងការត្រៀមប្រកួតជាអន្តរជាតិនានា។

ចំណែកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចចិត្តចូលរួមក្នុងការប្រកួតស៊ីហ្គេមនេះ គឺមិនមែនងាយស្រួលទេ ដែលទាមទារការថ្លឹងថ្លែង រវាងបញ្ហាជម្លោះព្រំដែន និងស្មារតីនៃការរួបរួមក្នុងតំបន់ ព្រោះយើងមិនអាចអនុញ្ញាតឲ្យការពហិកា ប៉ះពាល់ដល់ទំនាក់ទំនង និងឱកាសរបស់យុវជនក្នុងអាស៊ានឡើយ ហើយយើងត្រូវបង្ហាញនូវ ចិត្តជាអ្នកកីឡា ពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ ការធានាសុវត្ថិភាព គឺអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ដោយយើងបានចាត់ចែងតែងតាំងតួនាទីសន្តិសុខ ព្រមទាំងតម្រូវឱ្យមានការចុះអវត្តមាន និងរបាយការណ៍ប្រចាំថ្ងៃជាចាំបាច់ ដើម្បីធានាថាប្រតិភូទាំងអស់ទទួលបានការការពារ និងសុវត្ថិភាពពេញលេញ។ ដូច្នេះ សូមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អ រួមគ្នាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិយើងវិញ។

ចំពោះវិធានការវិន័យសម្រាប់ប្រតិភូកីឡានឹងត្រូវធ្វើដំណើរចូលរួមការប្រកួតខាងមុខនេះ សូមកីឡាករ-កីឡាការិនីចាត់ទុកការចូលរួមប្រកួតលើកនេះខុសពីការប្រកួតមុនៗ ក្រៅពីការប្រកួតកីឡា គឺត្រូវការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពផ្ទាល់ខ្លួន សុវត្ថិភាពក្រុម និងសុវត្ថិភាពប្រតិភូកីឡាកម្ពុជា ជាពិសេសផ្តោតលើភាពថ្លៃថ្លូរនៃឥរិយាបថល្អ វាចាល្អ និងប្រព្រឹត្តល្អ អំឡុងពេលប្រកួត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងរក្សាគុណតម្លៃជាតិសាសន៍ខ្មែរលើឆាកអន្តរជាតិ។

បើមានស្មារតីជាតិស្រលាញ់ជាតិ និងចង់ឲ្យជាតិសាសន៍យើងមានគេគោរពឲ្យតម្លៃ គឺត្រូវខិតខំប្រកួតប្រជែងដណ្តើមជ័យលាភីឲ្យអស់ពីសមត្ថភាព គោរពបទបញ្ជាការប្រកួត ប្រឆាំងការប្រើប្រាស់សារធាតុ Doping និងបង្ហាញអត្តចរិកល្អត្រឹមត្រូវតាមអភិក្រម “ឈ្នះដោយកិត្តិយស ចាញ់ដោយសេចក្តីថ្លៃថ្នូរ ។

ត្រូវមានស្មារតីបុរេសកម្មក្នុងការគិតគូរទុកជាមុននូវហានិភ័យដែលនឹងអាចកើត ឡើង និងត្រូវសាមគ្គីភាពផ្ទៃក្នុងរបស់ក្រុមកីឡា និងប្រតិភូកីឡាទាំងមូល គឺជាកត្តាចម្បងក្នុងការដោះស្រាយបញ្ហាបញ្ចៀសបញ្ហា និងស្វែងរកជោគជ័យជូនជាតិបាន ជាពិសេសបញ្ហាសុខភាព ក៏ជាកត្តាកំណត់ជោគជ័យក្នុងការចូលរួមប្រកួតពេលនេះដែរ។ ថែរក្សាសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ ដើម្បីឈានទៅរកជំនឿចិត្តលើខ្លួន ឯងក្នុងការសម្រេចគោលដៅរបស់ខ្លួន៕






ដោយ៖លី ភីលីព
