កីឡា

កីឡាករក្រសួងការពារជាតិ និងកីឡាការិនីអាស៊ីអឺរ៉ុប គ្រង់តំណែងជើងឯកការប្រកួតកីឡាបាល់បោះជើងឯកថ្នាក់ជាតិ យុវជនអាយុក្រោម ២៧ឆ្នាំ ប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ ក្រុមកីឡាករបាល់បោះ ក្រសួងការពារជាតិ និងក្រុមកីឡាការិនី អាស៊ីអឺរ៉ុបគ្រង់តំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះ ជ្រើសរើសជើងឯកថ្នាក់ជាតិ យុវជនអាយុក្រោម ២៧ ឆ្នាំ ប្រចាំឆ្នាំ២០២៥ បន្ទាប់ពីក្រុមទំាង ២ បានយកឈ្នះលើគូរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតរៀបចំឡើងដោយសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិយុវជនអាយុក្រោម ២៧ ឆ្នាំ ប្រចាំឆ្នាំ២០២៥ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្រ្តខេត្តព្រៃវែង និងប្រធានស្តីទីសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅសាលបាល់បោះនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក កៅ កាន់ណាលី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់បោះកម្ពុជា មានប្រសាសន៍ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ យុវជនអាយុក្រោម២៧ឆ្នាំ ប្រចាំឆ្នាំ២០២៥ វិញ្ញាសាផ្នែកបុរស ក្រុមកីឡាបាល់បោះក្រសួងការពារជាតិគ្រងជើងឯក ក្រុមកីឡាបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រងតំណែងជើងឯករង និងសមាគមកីឡាបាល់បោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ទទួលបានមេដាយសំរិទ្ធ។ ចំណែកវិញ្ញាសានារី សមាគមកីឡាបាល់បោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបគ្រងតំណែងជើងឯក ក្រុមកីឡាបាល់បោះក្រសួងការពារជាតិគ្រងជើងឯករង និងក្រុមកីឡាបាល់បោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានមេដាយសំរិទ្ធ ។

លោក អ៊ុក សិទ្ធិជាតិ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា មានប្រសាសន៍ សរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការរៀបចំការប្រកួត និងប្រតិភូកីឡា ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្កលក្ខណៈគ្រប់បែបយ៉ាងធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងអបអរសាទរចំពោះក្រុមកីឡាបាល់បោះទាំងអស់ដែលបានមកចូលរួមប្រកួតតាមស្មារតីភាពជាកីឡា និងការគោរពបានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ប្រកួត។

ដោយ៖ លី ភីលីព

Most Popular

To Top