កីឡា

អបអរសាទរកីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ ឡើងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតកីឡាសិស្សអាស៊ាន នៅប៊្រុយណេ ដារូសាឡឹម

ប្រ៊ុយណេ៖គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ ឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” បន្ទាប់ពីយកឈ្នះលើកីឡាករហ្វីលីពីន និងកីឡាករវៀតណាមនៅវគ្គជម្រុះ ខណៈការប្រកួតអន្តរជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក អឿន រស្មី បាននិយាយថា កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ បន្ទាប់ពីចាញ់កីឡាករឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ យកឈ្នះកីឡាករម៉ាឡេស៊ី ដោយកីឡាករម៉ាឡេស៊ីវាយខុសលក្ខខណ្ឌនៃការប្រកួត និងបន្តឡើងទៅវគ្គពាក់ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសប្រុយណេដារូសាឡាម។

សម្រាប់ការប្រកួតបើកឆាកដំបូងរបស់ក្រុមកីឡាកម្ពុជានាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមទស្សនាពីសំណាក់ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ដើម្បីលើកទឹកចិត្តក្រុមកីឡាបញ្ចស៊ីឡាត់។

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ ៕

ដោយ៖លី ភីលីព

Most Popular

To Top