ប្រ៊ុយណេ ៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបញ្ចស៊ីឡាត់កម្ពុជាដណ្តើមមេដាយ ២ គ្រឿង គឺមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ធ្វើឲ្យប្រទេសកម្ពុជា ឈរចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ៨ ប្រទេស នៃព្រឹត្តិការណ៍ ការប្រកួតកីឡា សិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” ខណៈការប្រកួតអន្តរជាតិប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹមតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។

លោក អឿន រស្មី បានប្រាប់ពីប្រទេសប៊្រុយណេ ដារូសាឡឹម ឲ្យដឹងថា កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ បន្ទាប់ពីចាញ់កីឡាករឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈកីឡាករបញ្ចស៊ីឡាត់កម្ពុជា រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់ បន្ទាប់ពីម្ចាស់ក្បាច់ គុនឥណ្ឌូនេស៊ីវគ្គពាក់ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ ការប្រកួតកីឡា សិស្សអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេស ប្រុយណេដារូសាឡាម ។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២៨ នាក់ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”នៅប្រទេសប៊្រុយណេ ដារូសាឡឹម ។

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីយុវជនថ្នាលកីឡាបញ្ចស៊ីឡាត់ចំនួន ៨ នាក់ក្នុងនោះលោក វី តារ៉ា ជាគ្រូបង្វឹក លោក អឿន រស្មី ជាគ្រូជំនួយ កីឡាការិនី វុទ្ធី សុខរក្សា កីឡាការិនី សយ សុម៉ាលីណា កីឡាករ ភុក ដានីញ៉ែល កីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ កីឡាករ រ៉ៃយ៉ុង ហ្វីលីប និងកីឡាករ ពេញពិសិដ្ឋ ៕



