ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតមុនការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នៅភោជនីយដ្ឋាន សង្រ្កានដែលនឹងប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 ។

នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោត ដោយមានការចូលរួមលោក រិទ្ធ ឌីកា និងអ្នកតំណាងក្រុមបាល់ទាត់វ័យចាស់ទាំង ៤ ក្រុម រួមមាន ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់។

លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានប្រាប់ឲ្យដឹងថា កីឡាករទំាងអស់មានសិទ្ធិមានចូលរួមការប្រកួតជាផ្លូវការដូចជាកីឡាករមានអាយុចាប់ពី ៣៥ ទៅ ៤០ ឆ្នាំ អនុញ្ញាតឲ្យមានចំនួន ២ នាក់ក្នុងបញ្ជី តែអាចលេងបានលើទីលានបានតែ ១ ម្នាក់គត់ រីឯកីឡាករមានអាយុចាប់ពី ៤១ ទៅ ៥០ ឆ្នាំ អនុញ្ញាតឲ្យលេងបានតែ ៥ ម្នាក់ ហើយកីឡាករមានអាយុ ៥១ ឆ្នាំឡើងអាចលេងលើទីលានបានដោយមិនកំណត់ចំនួន។

លោកប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានបញ្ជាក់ថា ការប្រកួតខាងលើនេះមាន ៤ ក្រុមចូលរួម ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ និងក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់។


ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ ប៉ះជាមួយក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ នៅម៉ោង ៣រសៀល និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញប្រកួតនឹងក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង នៅម៉ោង ៥ ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ សម្រាប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)ដដែលក្រុមចាញ់ប៉ះក្រុមចាញ់ប្រជែងយកចំណាត់ថ្នាក់លេខ ៣ នៅម៉ោង ៣រសៀល និងក្រុមដណ្តើមជើងឯកនៃការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នៅម៉ោង ៥ល្ងាច ៕




ដោយ៖ លី ភីលីព
