ភ្នំពេញ៖ លោក ស៊ឹម ទូច ជាអនុប្រធានសហព័ន្ធកឡាចំបាប់កម្ពុជាតំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកឡាចំបាប់កម្ពុជា និងរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់កម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់គាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី កាង ណុចបវរ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្រិតមូលដ្ឋាន ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ក្នុងនោះមានស្រ្តី ១៣ នាក់ និងប្រុស ១៧ នាក់ ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រាជធានីភ្នំពេញ។ ការរៀបចំវគ្គនេះដោយ ទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជននិងកីឡា។ វគ្គបង្រៀនជាគ្រូឧទ្ទេសរួមមាន លោក កាង ដែនពិសិដ្ឋ ជានាយកបច្ចេកទេស លោកគ្រូ នុត សេរីរដ្ឋា អាជ្ញាកណ្ដាលអន្តរជាតិ និងលោកគ្រូ យឹង សុផាន់ណារ៉ា អាជ្ញាកណ្ដាលអន្តរជាតិ។

លោកស្រីអគ្គលេខាធិការសហព័ន្ធ បានបន្តថា ឆ្លងតាមការសិក្សាអស់រយៈពេល ៣ ថ្ងៃ សិក្ខាកាមទាំងអស់បានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍបច្ចេកទេសល្អៗជាច្រើន ដូចជាការចុះឈ្មោះក្នុងប្រព័ន្ធ ការដាក់ពិន្ទុ ការចាប់គូប្រកួត ប្រព័ន្ធនៃការវិ និច្ឆ័យ ការធ្វើតេស្តបច្ចេកទេស បង្កើតទិន្នន័យចាប់ការប្រកួត បទពិសោធន៍ល្អៗ ដល់សិក្ខាកាមរបស់យើង ដើម្បី បង្កើនធនធានជាអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់ឲ្យកាន់តែរីកចម្រើន ។ ក្នុងនោះសិក្ខាកាមដែលទទួលនិទ្ទេស ល្អបង្គួរ ចំនួន ៧០ ភាគរយ និទ្ទេសមធ្យមចំនួន ៣០ ភាគរយ ។

លោក ស៊ឹម ទូច អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានមានប្រសាសន៍ថា ឱកាសនេះដែរ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះ បណ្តាលដែលបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកម្រិតមូលដ្ឋានឲ្យប្រព្រឹត្តទៅដោយរលូនទៅតាម ការគ្រោងទុកប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមកោតសរសើរចំពោះសិក្ខ កាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាពក្នុងការក្រេបជញ្ជក់នូវចំណេះដឹងដោយទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ។

លោកអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ថា បណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធាន នេះឲ្យទទួលបាននូវចំណេះដឹងជំនាញជាអាជ្ញាកណ្តាល និងចៅក្រមត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក និងការប្រកួតកីឡាថ្នាក់ជាតិនាពេលអនាគតខាងមុខនេះ ។ ឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការចែករំលែក និងផ្តល់ចំណេះដឹងជំនាញអាជ្ញាកណ្តាល និងចៅក្រមកីឡាចំបាប់ និងដល់សិក្ខាកាមនាពេលនេះ និងសូមអរគុណដល់ ក្រសួងអប់រំយុវជន និងកីឡា គាំទ្រដល់សហ ព័ន្ធកីឡារចំបាប់កម្ពុជាបន្តទៀត៕



ដោយ៖ លី ភីលីព
